ខណៈបន្លែវៀតណាមព្យាយាមចូលប្រទេសកម្ពុជា កសិករជាច្រើននៅខេត្តសៀមរាបនាំគ្នាដាំបន្លែធម្មជាតិឡើងវិញ
បន្ទាប់ពីបន្លែរបស់ប្រទេសវៀតណាម ដែលសំបូរទៅដោយជាតិគីមីបានជ្រៀតចូលក្នុងប្រទេសកម្ពុជានោះ បានធ្វើឲ្យពលរដ្ឋជាង១០០គ្រួសារក្នុងខេត្តសៀមរាប នាំគ្នាមកដាំដំណាំបន្លែបែបធម្មជាតិ ដោយបានផ្តល់ផលចំនួនជាង១៥០០តោន ដើម្បីធ្វើការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
បើតាមលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានថ្លែងប្រាប់ឲ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ប្រជាកសិករក្នុងស្រុកទាំងបីខាងលើដែលស្ថិតក្នុងគម្រោងរបស់មន្ទីរខេត្ត បានដាំដុះបន្លែសុវត្ថិភាពចំនួន៣៦មុខ នៅលើផ្ទៃដីប្រមាណ២២០ហិកតា។
លោកប្រធានមន្ទីរបានបន្តថា បរិមាណបន្លែសុវត្ថិភាពក្នុងគម្រោងនេះ បានចូលរួមចំណែក១៥ភាគរយ នៃកសិករដាំបន្លែសុវត្ថិភាពទូទាំងខេត្តហើយផលដំណាំដែលកសិករប្រមូលបានអាជីវករលក់ដុំ លក់រាយ ទាក់ទងទិញផ្ទាល់ពីម្ចាស់ចម្ការ និងយកទៅលក់នៅតាមបណ្តានានា រួមមានផ្សារសាមគ្គី, ផ្សារដំដែក, ផ្សាររលួស, ផ្សារអង្គ្រង, ផ្សារដើមក្រឡាញ់, ផ្សារចាស់, ផ្សារស្រះស្រង់, ផ្សារព្រះដាក់ខេត្តសៀមរាប និងផ្សារស្រុកស្ទោង ខេត្តកំពង់ធំ ជាដើម។
លោកប្រធានមន្ទីររូបនេះ បានធ្វើការអះអាងថា បន្លែសុវត្ថិភាពដែលដាំដុះទូទាំងខេត្ត អាចផ្គត់ផ្គង់តម្រូវការនៅទូទាំងខេត្ត ពិសេសនៅតាមសណ្ឋាគារធំៗ និងផ្សារទំនើបបាន៦០ទៅ៧០ភាគរយ ជាមួយតម្លៃល្អប្រសើរ។
ចំពោះការដាំបន្លែបែបធម្មជាតិនេះ បានកាត់បន្ថយការនាំចូលនៅបន្លែដែលមានជាតិគីមីនៅប្រទេសជិតខាង បានមួយកម្រិតផងដែរ ដែលបន្លែធម្មជាតិទាំងនេះភាគច្រើនជាបន្លែមើម ដូចជាការរ៉ុត ដំឡូងបារាំង ជាដើម៕