ខណៈថ្ងៃបុណ្យចូលឆ្នាំចិនជិតចូលមកដល់បណ្ដាអ្នកដែលមានសែស្រឡាយចិន និងជនជាតិចិននៅលើពិភពលោក កំពុងត្រៀមខ្លួនប្រារព្ធពិធីនេះយ៉ាងឱឡារិក ។ នៅក្នុងថ្ងៃសែន ព្រេនគឺជាថ្ងៃដ៏សំខាន់បំផុតសម្រាប់ជនជាតិចិននៅក្នុងឆ្នាំថ្មីនេះ ព្រោះអាចជួយលើកជោគជតារាសី មានសុខភាពមាំមួន និងមានទ្រព្យហូរចូលច្រើន ជាដើម ។ តើនៅក្នុងឆ្នាំថ្មីនេះគួរត្រៀមអ្វីខ្លះ ?
១-ថ្ងៃទិញសម្ភារមកសែនព្រេន ថ្ងៃសែន និងថ្ងៃដើរកម្សាន្ត
– ថ្ងៃទិញរបស់របរមកសែន៖ជនជាតិចិនត្រូវទិញម្ហូបអាហារ ផ្លែឈើ និងគ្រឿងសែននានាមកត្រៀមទុក នៅថ្ងៃទី០៣ កុម្ភៈ២០១៨ ។
– ថ្ងៃសែនព្រេន ៖ ជាថ្ងៃដំណាច់ឆ្នាំ មានម្ហូបអាហារ ផ្លែឈើ និងគ្រឿងសែនព្រេននានា ដោយឆ្នាំនេះត្រូវនឹងថ្ងៃទី០៤ កុម្ភៈ២០១៨ ។
– ថ្ងៃដើរកម្សាន្ត ៖ ជាថ្ងៃក្នុងឆ្នាំថ្មី ឬថ្ងៃចូលឆ្នាំត្រូវនឹងថ្ងៃទី០៥ កុម្ភៈ ២០១៨ ។ គួរតុបតែងកាយដោយសម្លៀកបំពាក់ពណ៌ក្រហម នាំគ្នាដើរកម្សាន្តសុំពរជ័យពីចាស់ទុំជាទីគោរពស្រឡាញ់ ព្រោះជាថ្ងៃនៃសិរីមង្គល ។
២-ហេតុអ្វីត្រូវសែនព្រេនជីដូនជីតា ?
ជាទំនៀមទម្លាប់ពីបុរាណដែលកូនចៅជនជាតិចិនបានប្រតិបត្តិបន្តរហូតមក ដើម្បីឲ្យមានសិរីសួស្ដី និងរីកចម្រើនក្នុងក្រុមគ្រួសារ ។
៣-ត្រៀមរបស់របរសែន
-អ្វីដែលត្រៀមជាចម្បងគឺទៀនក្រហម១គូ អង្ករដាក់កែវ និងរូបក្ងោកមួយគូ ក្រៅពីនេះក៏ត្រៀមក្រដាសមាស ក្រដាសប្រាក់ ។
-ម្ហូមសែនគួរមាន ៖ មាន់ ទា ត្រី ជ្រូក មីសួ គ្រាប់ឈូក នំ ចេក ថ្លែប៉ោម ក្រូចពណ៌ក្រហម ទំពាំងបាយជូរ នំបារាំង និងក្រដាសមាស-ប្រាក់ ។
៤-អត្ថន័យម្ហូបអាហារដែលសែនព្រេន
-មាន់ សំដៅលើភាពស្រស់ស្អាត មាំមួនល្អ និងរីកចម្រើននៅក្នុងការងារ ។
-ទា មានភាពបរិសុទ្ធ និងសមត្ថភាពយ៉ាងច្រើន ។
-ត្រី សំដៅលើការមានទ្រព្យសំបូរហូរហៀរ ។
-ជ្រូក មានទ្រព្យស្ដុកស្ដម្ភ ។
-ត្រីមឹក មានភាពសំបូរសប្បាយ ។
-មីសួ សំដៅលើការមានអាយុវែង ។
-គ្រាប់ឈូក សំដៅលើការមានកូនចៅច្រើន ។
-ចេក មានលាភសំណាង និងមានកូនចៅហូរហៀរ ។
-ផ្លែប៉ោម មានសេចក្ដីសុខ និងសុខសន្តិភាព ។
-ក្រូចក្រហម សំដៅលើការមានសិរីសួស្ដី ។
-ទំពាំងបាយជូរ ភាពមានស្ដុកស្ដម្ភក្នុងក្រុមគ្រួសារ ។
-នំបារាំង ចម្រើនរុងរឿង ។
៥-ប្រការគួរប្រុងប្រយ័ត្ន
ពលរដ្ឋចិននិយមពិសាតៅហ៊ូ ប៉ុន្តែមិនគួរយកមកសែនទេព្រោះពណ៌សសម្រាប់ជនជាតិចិន ជាពណ៌សោកសៅ ។
៦-កុំសែនម្ហូបហឹរ ល្វីង និងមានបន្លា
ម្ហូបហឹរ ល្វីង និងមានបន្លានឹងធ្វើឲ្យជីវិតមានឧបសគ្គ និងមិនជ្រះស្រឡះល្អ ។
៧-វិធីសាស្ត្រសែននៅថ្ងៃទី១៥ កុម្ភៈ ២០១៨
-ពេលព្រឹក៖ ជាការសែនជីដូនជីតា រួមមានសាច់ពី៣ ទៅ៥មុខ នំ ផ្លែឈើ ស្រា ទឹកតែ និងក្រដាសមាសក្រដាសប្រាក់ ។
-ពេលថ្ងៃ ៖ សែនដល់បុព្វបុរស ឪពុកម្ដាយ បងប្អូន ញាតិមិត្តដែលបានចែកឋាន ជាការសម្តែងនូវភាពកតញ្ញូតាធម៌ ចប់ត្រឹមថ្ងៃត្រង់ ឬម៉ោង១២ថ្ងៃត្រង់ ។
-ពេលរសៀល ឬល្ងាច៖ ធ្វើទានដល់ខ្មោចដែលគ្មានញាតិ មិត្ត ឬបងប្អូន ។
៨-សែនជីដូនជីតានាំលាភសំណាង
នរណាម្នាក់ចង់បង្កើនជោគជតារាសី ទទួលបាន«ហេង ហេង» នៅក្នុងឆ្នាំថ្មីគួរសែនដូនតានៅពាក់កណ្ដាលយប់ ឬអធ្រាត្រនៃដំណាច់ឆ្នាំមុនពេលឈានចូលដល់ថ្ងៃសែនឆ្នាំថ្មី ក្នុងរវាងពីម៉ោង២៣ដល់០០,៥៩ នឹងធ្វើឲ្យមានលាភសំណាងពេញមួយឆ្នាំ ។
៩-តើរៀបចំតុបែរទៅទិសណា ?
ការរៀបចំតុសែន«ឆៃសីុងអៀ» ត្រូវមានផ្កា ធូបទៀន ផ្លែឈើ និងក្រដាសមាសប្រាក់ រួមទាំងវត្ថុពាក់ព័ន្ធទាក់ទងនឹងប្រាក់ដាក់នៅលើតុ ដូចជាក្រដាសអាំងប៉ាវ និងសៀវភៅគណនីជាដើម ។
គួររៀបតុបែរមុខទៅទិសខាងលិច ព្រោះក្នុងអំឡុងពេលជិតចូលឆ្នាំ ទិសនឹងងាកទៅទីនោះ គួរអុជធូប៣សរសៃដើម្បីឧទ្ទិសដល់ជីដូនជីតា និងនិយាយពីឈ្មោះរបស់ខ្លួនដើម្បីសុំលាភសំណាង ។ ក្រោយពីអស់ធូបទៀន លោកអ្នកអាចយកគ្រឿងសំណែនមកទទួលទានតាមការគួរ ។ ចំណែកទៀនដែលរលាយគួរយកទៅបិទជាប់នៅទូដែក ឬប្រអប់ដាក់លុយដើម្បីមានលាភហូរចូល ៕