ភ្នំពេញ ៖ មេធាវីតំណាងលោកស្រីឡោក ខេង អ្នកតំណាងរាស្រ្ដមណ្ឌលភ្នំពេញ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០បានចេញលិខិតបំភ្លឺមួយ ដោយបានច្រានចោលនូវការផ្សពផ្សាយព័ត៌មានមិនពិត មិនគ្រប់ជ្រុងជ្រោយ បង្កឲ្យមានការយល់ច្រឡំ ពាក់ព័ន្ធនឹងជំលោះដីធ្លីមួយកន្លែងក្នុងខណ្ឌព្រែកព្នៅ។
បើយោងតាមលិខិតបំភ្លឺរបស់លោកមេធាវីហ៊ល ស៊ីណា បានឲ្យដឹងថា ដីទំហំ ២២,៩០០ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ គឺជាដីដែលលោកស្រីឡោក ខេងទិញពីឈ្មោះស ថាវី អតីតអភិបាលខេត្តឧត្តរមានជ័យ និងបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ក្នុងតម្លៃ៦០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ដែលជាតម្លៃលក់សមស្របតាមទីផ្សារជាក់ស្តែង មិនដូចជាការផ្សព្វផ្សាយថា លោកស្រីទិញដីនេះក្នុងតម្លៃត្រឹមតែ១៥ម៉ឺនដុល្លារ។ ដោយឡែកចំពោះមូលប្បទានប័ត្រ១៥ម៉ឺនដុល្លារ របស់ធនាគារកាណាឌីយ៉ា នោះគឺជាទឹកប្រាក់មួយចំនួនប៉ុណ្ណោះ ដែលត្រូវទូទាត់ជូនម្ចាស់ដើម ក្នុងចំណោមទឹកប្រាក់សរុប តាមការឯកភាពពីលោកស ថាវី (អាចមើលឯកសារភ្ជាប់ខាងក្រោម)។
ចំពោះប្រតិបត្តិការទិញលក់វិញ ត្រូវបានបញ្ជាក់ថា មានការដឹងលឺពីអាជ្ញាធរគ្រប់ជាន់ថ្នាក់បានដឹងលឺ ដោយមានការចូលរួមវាស់វែង កំណត់ព្រំប្រទល់ដីច្បាស់លាស់ បានបង់ពន្ធប្រថាប់ត្រា និងបានធ្វើលិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យត្រឹមត្រូវ ឲ្យមកឈ្មោះយស ម៉ាលីណា ត្រូវជាបងថ្លៃរបស់កូនក្ដីរបស់លោកស្រីឡោក ខេង ដោយជឿជាក់តាមឯកសារ របស់អាជ្ញាធរមូលដ្ឋាន ជាពិសេសសាលាខណ្ឌព្រែកព្នៅ។
ចំពោះការចោទប្រកាន់ថា បានធ្វើរបងស័ង្កសីព័ទ្ធជុំវិញដីដែលកំពុងមានវិវាទនេះ ត្រូវបានបកស្រាយថាគឺជាភាពចាំបាច់ក្នុងការការពារ និងថែរក្សាដី ក្រោយពីការធ្វើសកម្មភាពរបស់ឈ្មោះភឺន ផល្លា និងបក្សពួក ហើយការរៀបចំសាងសង់របងស័ង្កសីព័ទ្ធជុំវិញដី គឺធ្វើឡើងនៅមុនពេល មានកិច្ចប្រជុំនៅសាលាខណ្ឌព្រែកព្នៅ និងមិនមានការហាមឃាត់ពីសំណាក់អាជ្ញាធរមូលដ្ឋាន ឬគំហាត់ពីតុលាការណាមួយឡើយ។
ដោយឡែកពាក់ពន្ធ័នឹងការកាន់កាប់ដីវិញ មេធាវីតំណាងលោកស្រីឡោក ខេងបានពន្យល់ថា ក្នុងកាលៈទេសៈនៃការប្រទាញប្រទង់គ្នា ពីការទាមទារសិទ្ធិ ជាម្ចាស់កម្មសិទ្ធិលើដី រវាងឈ្មោះភឺន ផល្លា និងឈ្មោះស ថាវី ជាអ្នកត្រូវទទួលខុសត្រូវ ក្នុងឋានៈជាអ្នកលក់ដី ទើបកូនក្ដីរបស់លោកនៅតែបន្តការកាន់កាប់ និងថែរក្សាដីជាធម្មតា តាមការលក់ទិញដែលមានការដឹងលឺ ពីសំណាក់អាជ្ញាធរសាលាខណ្ឌព្រែកព្នៅ ដោយរង់ចាំសេចក្ដីសម្រេចអំពីសិទ្ធិ កម្មសិទ្ធិនេះ ពីអាជ្ញាធរមានសមត្ថកិច្ច ឬតុលាការចប់ជាស្ថាពរ ស្របតាមស្មារតីនៃកិច្ចប្រជុំនៅសាលាខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។
ម្យ៉ាងវិញទៀតតាមរយៈការទាមទារខាងលើនេះ នៅមិនទាន់មានសេចក្ដីសម្រេចណាមួយពីតុលាការ ដែលបានសម្រេចប្រគល់សិទ្ធិ កម្មសិទ្ធិដីនេះ ឲ្យទៅភាគីណាជាអ្នកឈ្នះនៅឡើយទេ ដោយភាគីវិវាទនៅតែបន្តប្រើប្រាស់យន្តការច្បាប់ សម្រាប់ការទាមទារ និងដោះស្រាយពីសិទ្ធិ កម្មសិទ្ធិនេះ។
គួរបញ្ជាក់ថា នៅរយៈពេលចុងក្រោយនេះ មានការផ្សព្វផ្សាយព័ត៌មានមិនពិត និងមិនគ្រប់ជ្រុងជ្រោយ បណ្ដាលឲ្យមានការភ័ន្ដច្រឡំមកលើ លោកស្រីឡោក ខេង អ្នកតំណាងរាស្រ្ដមណ្ឌលភ្នំពេញ ពាក់ព័ន្ធនឹងវិវាទដីទំហំ២២៩០០ម៉ែត្រការ៉េនេះ។ ដីនេះបច្ចុប្បន្នកំពុងតែមានវិវាទរវាងឈ្មោះភឺន ផល្លាជាឧត្តមសេនីយ៍ទោ នៅមេបញ្ជាការរងកងពលតូចលេខ៧០ និងឈ្មោះស ថាវី អតីតអភិបាលខេត្តឧត្តរមានជ័យ និងបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដោយម្នាក់ៗសុទ្ធតែអះអាងថា ជាម្ចាស់កម្មសិទ្ធិស្របច្បាប់ និងកំពុងតតាំងបណ្តឹងនៅតុលាការ។
យ៉ាងណាក៏ដោយតាមរយៈមេធាវី លោកស្រីឡោក ខេង និងបច្ចុប្បន្នជាម្ចាស់ដី ដែលទិញដីពីឈ្មោះ ស ថាវីបានបញ្ជាក់ថា ការទិញ-លក់ដីមួយកន្លែងនេះធ្វើឡើងដោយស្របច្បាប់ និងមានការដឹងលឺពីអាជ្ញាធរភូមិសង្កាត់និងខណ្ឌ។ ចំពោះវិវាទដែលបានកើតឡើង គឺទុកឲ្យឈ្មោះភឺន ផល្លា និងឈ្មោះស ថាវី ដោះស្រាយគ្នានៅតុលាការតាមផ្លូវច្បាប់៕