កំណើននៃការវិនិយោគ និងភ្ញៀវទេសចរណ៍ចូលមកកាន់ប្រទេសកម្ពុជាពោលច គឺតំបន់ប្រវិត្តិសាស្ត្រអង្គរកាន់តែមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលការនេះបានតម្រូវឱ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីបម្រើឱ្យប្រជាជន អ្នកវិនិយោគក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិដែលធ្វើដំណើរមកក្នុងខេត្តសៀមរាប។
តួយ៉ាងនាពេលឆាប់ៗ ព្រលានយន្តហោះខេត្តសៀមរាបនឹងត្រូវដាក់សម្ពោធឱ្យបើកការដ្ឋានសាងសង់ជាផ្លូវការដោយសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នេះបើតាមការបង្ហើបពីលោក ជា អូន អ្នកនាំពាក្យ និងជាលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ បច្ចុប្បន្ននេះគម្រោងសាងសង់ព្រលានយន្តហោះនៅឯទឹកដីអង្គរកំពុងតែស្ថិតក្រោមការរៀបចំផែនការ និងរៀបចំការដ្ឋាននៅឡើយខណៈដែលគម្រោងមួយនឹងត្រូវធ្វើឡើង ក្រោមទឹកប្រាក់ប្រមាណ៩០០លានដុល្លារអាមេរិក។
ព្រលានយន្តហោះនេះជាព្រលានយន្តហោះខ្នាតអន្តរជាតិ ដែលអាចឱ្យយន្តហោះខ្នាតធំៗចុះចតបាន។ ដូច្នេះការសាងសង់ព្រលានយន្តហោះនេះនឹងជួយបង្កើនលំហូរចូលនៃភ្ញៀវទេសចរណ៍ និងវិនិយោគមកពីក្រៅប្រទេសបានកាន់តែច្រើនជាងមុនទៀតពោល គឺអាចហោះមកកាន់ខេត្តសៀមរាបបានតែម្តង ដោយមិនចាំបាច់ចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញសិននោះទេ។
នេះជាដំណឹងវិជ្ជមានមួយសម្រាប់ប្រទេសកម្ពុជាក៏ដូចជាប្រជាពលរដ្ឋ ដែលនៅក្នុងខេត្តសៀមរាបផ្ទាល់តែម្តង ព្រោះព្រលានយន្តហោះថ្មីនេះនឹងបង្កើនសកម្មភាពសេដ្ឋកិច្ចរបស់ខេត្តសៀមរាបឱ្យកាន់តែរីកចម្រើន និងឱ្យបង្កើនការងារ និងប្រាក់ចំនូលជាតិ និងប្រជាជនឱ្យកាន់តែច្រើនជាងមុនបន្ថែមទៀត៕