អស្ចារ្យមែន !​ ក្រុមហ៊ុ​ន​យក្សរបស់អ្នកឧកញ៉ា ពុង​ ឃាវសែ សាងសង់អាគារពិព័រណ៌អន្តរជាតិ​នៅជ្រោយចង្វារ​

ក្រុមហ៊ុនខ្នាតយក្សOCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ បានបើកការដ្ឋានសាងសង់អគារពិព័រណ៍អន្តរជាតិជ្រោយចង្វារ ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ដែលជាសំណង់អគារសាធារណៈធំទី២ បន្ទាប់ពីសាលពិព័រណ៍កោះពេជ្រ ក្រោមទុនវិនិយោគប្រមាណ១៦លានដុល្លារអាមេរិក។

ពិធីបើកការដ្ឋាននេះ ធ្វើឡើងកាលពីថ្ងៃអាទិត្យម្សិលមិញ ដោយមានការអញ្ជើញចូលរួមពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ លោក ឧកញ៉ា ពុង ឃាវសែ នាយកក្រុមហ៊ុនOCIC។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា។

តាមការគូសបញ្ជាក់ពីតំណាងក្រុមហ៊ុនOCIC បានឱ្យដឹងថា សំណង់អគារពិព័រណ៍អន្តរជាតិនេះ សាងសង់លើផ្ទៃដីសរុប២៦.៧៧៤,៣៨ម៉ែត្រក្រឡា ដោយបានបែងចែកអគារជា៣ផ្នែកធំៗរួមមាន អគារសម្រាប់ពិព័រណ៍,ឃ្លាំង និងផ្ទះបាយនៅខាងក្រោយអគារពិព័រណ៍ និងចំណតរថយន្តក្រោមដី ដែលអាចឱ្យយានយន្តចតបាន១៩៨កន្លែង តំណាងក្រុមហ៊ុនបានឱ្យដឹងទៀតថា អគារត្រូវបានបំពាក់ទៅដោយកញ្ចក់ជាបច្ចេកវិទ្យាថ្មី ដែលអាចកាត់បន្ថយកម្តៅ និងសំឡេងបានល្អរួមទាំងការបាញ់បំភ្លឺ ដោយភ្លើង3Dជុំវិញអគារ ដើម្បីលើកកម្ពស់សោភណភាពផងដែរ។

សូមបញ្ជាក់ថា ចំពោះរយៈពេលនៃការសាងសង់តួអគារទាំងមូលមានរយៈពេល១៤ខែ គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ដែលត្រូវចំណាយថវិកាសរុបប្រមាណ១៦លានដុល្លារអាមេរិក៕