គ្រាន់តែ​ហ្វេសប៊ុកមាន​បញ្ហា​ ឯបងប្អូន​ភ្លោះ​គឺ Instagram កែបន្តិច​បន្តួច​រកចំណូល​បាន​ខ្ទង់​១០ពាន់លានដុល្លារ​

កាលពីសប្ដាហ៍មុន Instagram ដែល​ឥឡូវ​នេះស្ថិត​ក្រោមការគ្រប់គ្រង​របស់ Facebook នោះ​ធ្វើការ​បញ្ចេញនូវ​មុខងារ​ថ្មីមួយ​ សម្រួល​ដល់អតិថិជន ក៏ដូចជាអ្នកលក់ក្នុង​ការទិញដូរ​ទំនិញអនឡាញ ដោយមិនចាំបាច់ខលសួរ​ ឬចូលទៅកាន់វេបសាយ​រញ៉េរញ៉ៃ តាមរយៈប៊ូតុង​មួយមានឈ្មោះថា Check-out។

សម្រាប់អ្នកវិភាគនៅធនាគារ​អាឡឺម៉ង់ Deutsche Bank វិញបានឱ្យដឹងថា ​មុខងារថ្មីនេះអាច​រកលុយបាន​ច្រើន​ដល់ Instagram បន្ថែមទៀត ដោយខាង​អ្នកវិភាគនៅធនាគារមួយនេះរំពឹង​ថា​មុខងារ​នេះអាច​បង្កើនចំណូលរបស់ Instagram ឡើងរហូតដល់ទៅ១០ពាន់លានដុល្លារនៅឆ្នាំ២០២១។

នេះមិនមែនជារឿង​អ្វីថ្មីទេ​សម្រាប់វិស័យបច្ចេកវិទ្យា ព្រោះថា​ផ្នែកទិញដូរ​លក់ទំនិញនៅលើអនឡាញ ឬគេនិយមហៅថា e-Commerce នេះមាន​មកយូយារណាស់មកហើយ គ្រាន់តែ​ Instagram ពុំបានធ្វើកាលពីមុនមក ខណៈដែលខ្លួនផ្ដោតតែទៅលើការអភិវឌ្ឍផលិត​ផលតែប៉ុណ្ណោះ។

សម្រាប់មុខងារ​នេះ គេរំពឹង​ថាអ្នកលក់អនឡាញក៏អាច​រកចំណូលស្របពេ​ល​ Instagram បង្កើនចំណូលប្រចាំឆ្នាំរបស់ខ្លួនផងដែរ តាមរយៈការចែកជា​កម្រៃជើងសារ​ ឬ​ភាគរយ ប៉ុន្តែមកទល់ពេលនេះដោយហេតុ​តែមុខងារមួយនេះស្ថិត​ក្នុង​ដំណាក់កាលសាកល្បង​នៅឡើង​ ពុំមានពត៌មានណាមួយច្បាស់ការ​ថា ​នឹង​អ្នកលក់អាច​ទទួលបានប៉ុន្មាននោះទេ។

ជាមួយគ្នានេះផងដែរ Instagram បានប្រកាសថានឹង​មិនជាន់ដាន​ Facebook រឿង​ទិន្នន័យអ្នកប្រើប្រាស់នោះទេ ដោយបានធ្វើការ​អះអាង​ថា អ្នកលក់អាច​ដឹង​តែទិន្នន័យខ្លះរបស់អ្នកទិញតែប៉ុណ្ណោះ ដូចជាឈ្មោះ និង​ពត៌មានចាំបាច់​ក្នុង​ការ​ទំនាក់ទំនង​។ មិនមានអ្វីជាខុស​គ្នា​ពី​មុខងារ​ទិញដូរ​លើវេបសាយ ឬផ្លេតហ្វមដ៏ទៃ​នោះទេ មុខងារ Check-out នេះ​អាច​ឱ្យអ្នកប្រើប្រាស់ទូរទាត់​សាច់ប្រាក់បានតាមរយៈ​ប្រព័ន្ធ​ទូរទាត់​ប្រាក់អនឡាញមានដូចជា Visa និង Master Card ជាដើម។

គូសបញ្ជាក់​ថា Instagram ត្រូវ​បានទិញយក​ដោយក្រុមហ៊ុន ​Facebook កាលពីឆ្នាំ ២០១២ ក្នុង​តម្លៃ១ពាន់លានដុល្លារ ដោយស្ថាបនិក​ក្រុមហ៊ុននេះជាអតីត​បុគ្គលិករបស់ Facebook ផ្ទាល់តែម្ដង។ ហេតុនេះហើយការ​បង្កើនចំណូល​ឱ្យ Instagram ក៏ដូចជា​បង្កើនចំណូលឱ្យក្រុមហ៊ុនមេធំដូចច្នេះឯង ក៏សូមរម្លឹក​ផងដែរថា លោក Kevin Systrom ដែលជាស្ថាបនិក បានដើរ​ចេញលែង​គ្រប់គ្រង​បណ្ដាញសង្គមមួយនេះតទៀត​ហើយ៕