នៅឆ្នាំនេះ រដ្ឋាភិបាលកម្ពុជាបានបញ្ចេញរថយន្ត១២០គ្រឿង ដឹកប្រជាពលរដ្ឋឥតគិតថ្លៃក្នុងរដូវកាលចូលឆ្នាំ
ភ្នំពេញ ៖ ដើម្បីជួយសម្រួលដល់ការចំណាយថ្លៃធ្វើដំណើរទៅស្រុកកំណើត របស់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលឈានខិតជិតមកដល់នៅពេលឆាប់ៗខាងមុខនេះ សាលារាជធានីភ្នំពេញបានសម្រេចបញ្ចេញរថយន្តក្រុងសាធារណៈចំនួន១២០គ្រឿង សម្រាប់ដឹកជញ្ជូន ប្រជាពលរដ្ឋពីភ្នំពេញទៅតាមបណ្តាខេត្តនានា នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ការសម្រេចបញ្ចេញរថយន្តក្រុង១២០គ្រឿងនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ប្រកាសជូនជនរួមជាតិនៅទូទាំងប្រទេស នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ នៅមជ្ឈមណ្ឌលកោះពេជ្រ។
បើតាមការចុះផ្សាយបញ្ជាក់របស់ទីភ្នាក់ងារសារព័ត៌មានជាតិ AKP រថយន្តក្រុងសាធារណៈចំនួន១២០គឿងខាងលើនេះ នឹងធ្វើការដឹកជញ្ជូនដោយឥតគិតថ្លៃរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃ១៨ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ៕