លោកឧកញ៉ា ឡេង ណាវ៉ាត្រា ចុះផ្ទាល់ជាមួយ ព្រាប សុវត្ថិ ខេម តន់ ច័ន្ទសីម៉ា ចែកអំណោយ ជូនពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង នៅ ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីបានបរិច្ចាគថវិការរហូតទៅដល់៦០ម៉ឺនដុល្លារតបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែន ដើម្បីជួយបងប្អូនប្រជាពលរដ្ឋជួបគ្រោះដោយជំនន់ទឹកភ្លៀងនៅព្រឹកនេះ អតីតពលករខ្មែរធ្វើការនៅប្រទេសកូរ៉េលោកឧកញ៉ាឡេងណាវ៉ាត់ត្រា បានដឹកនាំតារាចម្រៀងក្នុងផលិតកម្មរបស់លោក ចុះចែកអំណោយដោយផ្ទាល់តែម្ដងនៅនៅស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យ។

អំណោយដែលក្រុមគ្រួសារ GalaxyNavatra នាំអំណោយទៅចែកជូនបងប្អូនប្រជាពលរដ្ឋជួបគ្រោះជំនន់ទឹកភ្លៀងមាន អង្ករ៥០តោននិងគ្រឿងបរិភោគផ្សេងៗជាច្រើនទៀត។ កំពូលតារាចម្រៀងលោកព្រាបសុវត្ថិ លោកខេម នឹងកញ្ញាតន់ ច័ន្ទសីម៉ា ក៏គេឃើញមានវត្តមានក្នុងពិធីនោះផងដែរ។

សកម្មភាពនេះបញ្ជាក់ឲ្យឃើញថា គឺជាទឹកចិត្តជួយសង្គមពិតរបស់អតីតពលករខ្មែរធ្វើការនៅប្រទេសកូរ៉េរូបនេះចំពោះបងប្អូនប្រជាពលរដ្ឋជួបគ្រោះជំនន់ទឹកភ្លៀង ពិសេសនោះគឺជាការចូលរួមចំណែកជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋជាមួយរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ផងដែរថា ក្នុងតួលេខបង្ហាញដោយសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីពេលថ្មីៗនេះ សប្បុរសជនដែលបានចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀងដែលកំពុងកើតមាននៅក្នុងប្រទេសគិតត្រឹមម៉ោង 11:34នាទី ថ្ងៃត្រង់ ថ្ងៃទី១៩តុលា ២០២០នេះ ថវិកាទទួលបាន 6,867,524ដុល្លារ 396,525,000រៀល និង៥.០០០€(ប្រាំពាន់អឺរ៉ូ)។

ក្នុងចំណោមឧកញ៉ាល្បីៗ ដែលជាម្ចាស់ក្រុមហ៊ុនជាច្រើនរូបបានចូលរួមបរិច្ចាគថវិកា គេឃើញលោកឧកញ៉ាឡេងណាវ៉ាត្រានាយកក្រុមហ៊ុនឡេងណាវ៉ាត្រាគ្រុប បានចូលរួមបរិច្ចាគថវិកាជូន៦០ម៉ឺនដុល្លារជាចំនួនដែលច្រើនជាងគេខណៈដែលអ្នកដែលឈរលេខរៀងទី២គឺឧកញ៉ាហុងពីវ នឹងឧកញ៉ាចេញស៊ីបានចូលចំនួន៥០ម៉ឺនដុល្លារ៕