ក្រសួង​​កំពុង​ទប់​ស្កាត់​ជំងឺ​ប៉េស្តជ្រូកអាហ្វ្រិក ក្រោយពេល​សម្លាប់ជ្រូក​ចំនួន​៥០០ក្បាល​ក្នុង​ខេត្ត​រតនគិរី​

សត្វជ្រូកចំនួន៤០០ក្បាល បានស្លាប់និង១០០ក្បាលទៀត ត្រូវបានសម្លាប់ដោយសារបានរកឃើញមានការឆ្លងជំងឺប៉េស្ដជ្រូកអាហ្វ្រិចនៅកន្លែងចិញ្ចឹមជ្រូកមួយ ​ស្ថិតក្នុង​ភូមិ​សោម​កា​និ​ញ ឃុំ​សោម​ធំ ស្រុក​អូរ​យ៉ា​ដាវ ខេត្ត​រតនគិរី​ កាលពីពេលថ្មីៗកន្លងទៅនេះ។​

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្គាប់​ឲ្យ​អគ្គនាយកដ្ឋាន​សុខភាព និង​ផលិតកម្ម​សត្វ ត្រូវ​ចាត់វិធានការ​ព្យាបាល និង​បោសសម្អាត​ជាបន្ទាន់​នៅ​តំបន់​ផ្ទុះ​ជំងឺ ដោយ​ត្រូវ​បំផ្លាញចោល​សត្វ​ជ្រូក​ដែលមាន​ផ្ទុក​ជំងឺ​, ផ្អាក​ការទិញ លក់ សត្វ​ជ្រូក និង​សាច់ជ្រូក​ដែលមាន​ផ្ទុក​ជំងឺ។ ក្នុងនោះក៏បានបញ្ចូនក្រុមការងារ​៣​ក្រុមដើម្បី​រួមគ្នា​ទប់ស្កាត់​ការផ្ទុះ​រាលដាល​ជំងឺ​នេះ​ក្រុមទី​១ អនុវត្ត​វិធាន​ជីវ​សុ​វត្តិភាព កំទេច​,​កប់​សត្វ​មាន​ជំងឺ និង​បាញ់ថ្នាំ​។

ក្រុមទី​២ អន្តរាគមន៍​ទប់ស្កាត់​ចលនា​សត្វ​ចេញ ចូលក្នុង​តំបន់​ផ្ទុះ​ជំងឺ​ក្នុង​កាំ​រង្វង់​៣​គីឡូម៉ែត្រ

​ក្រុមទី​៣ អង្កេត និង​ត្រួតពិនិត្យ​ក្នុង​តំ​ដើម្បី​រក​វត្តមាន​រាលដាល​ជំងឺ​។

ក្រុមការងារ​ទាំងនោះ​នឹង​សហការគ្នា ពង្រឹង​ការទប់ស្កាត់​ចលនា​សត្វ​ជ្រូក និង​សាច់ជ្រូក ចេញពី​តំបន់​ផ្ទុះ​ជំងឺ​ដោយ​សុវត្ថិភាព​ប្រកបដោយ​ប្រសិទ្ធភាព​។

សូមបញ្ជាក់ផងដែរថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក (African Swine Fever ASF) ជាជំងឺដែលបង្កដោយមេរោគវីរុស ដែល​មានការ​ឆ្លងលឿនរហ័ស និងមានភាពគ្រោះថ្នាក់ខ្លាំងណាស់ដល់សត្វ។ វាជាជំងឺដែលមិនអាចព្យាបាលបាន និង​អត្រាងាប់អាចដល់១០០ភារយ៕