អស្ចារ្យមែន ! អាងហែលទឹកខ្នាតអន្តរជាតិ និងបង្កើតឡើងក្នុងខេត្តបាត់ដំបង ដើម្បីស្វាគមន៍ភ្ញៀវទេសចរ
កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធកីឡាហែលទឹកកម្ពុជា បានអញ្ជើញអមដំណើរសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចុះពិនិត្យទីតាំងគម្រោងសាងសង់មណ្ឌលកីឡាហែលទឹក។
គម្រោងសាងសង់មណ្ឌលកីឡាហែលទឹកមានទីតាំងស្ថិត នៅក្នុងបរិវេណនៃសាកលវិទ្យាល័យ ខេត្តបាត់ដំបង ដោយមានការរៀបចំទទួលបដិសណ្ឋារកិច្ចយ៉ាង កក់ក្តៅពីសំណាក់មន្ត្រីរាជការជុំវិញខេត្ត លោកគ្រូអ្នកគ្រូ និងនិស្សិតយ៉ាងច្រើនកុះករ។
មណ្ឌលហែលទឹកនេះគ្រោងសាងសង់ឡើងតាមស្តង់អន្តរជាតិ ដែលមានទំហំក្រឡាផ្ទៃអាងបណ្តោយ២៥ម៉ែត្រ ទទឹង២០ម៉ែត្រ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចក្រឡាហោម ដើម្បីអាចឱ្យកីឡាករកីឡាការនី ទាំងជាតិនិងអន្តរជាតិ ក៏ដូចជាមហាជនទូទៅធ្វើការហ្វឹកហាត់កីឡាដើម្បីសុខភាព ឬក៏ដូចជាដើម្បីត្រៀម ចូលរួមប្រកួតព្រឹត្តការណ៍កីឡានានាផងដែរ ហើយមណ្ឌលហែលទឹកនេះគ្រោងរៀបចំពិធីក្រុងពាលី បើកការដ្ឋានសាងសង់នៅក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
គួរជម្រាបដែរថា សាកលវិទ្យាល័យបាត់ដំបង គឺជាសាកលវិទ្យាល័យរបស់រដ្ឋធំជាងគេបំផុតនៅក្នុងភូមិភាគពាយព្យនៃប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ២៦. អនក្រ.បក ចុះថ្ងៃទី ២១ ខែមិនា ឆ្នាំ២០០៧ ក្រោមការផ្តួចផ្តើមគំនិតនិងកសាងដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាតំណាងរាស្រ្តខេត្តបាត់ដំបង៕