អស្ចារ្យមែន ! នៅចុងខែនេះអ្នកធ្វើដំណើរតាមរថភ្លើងនឹងអាចធ្វើដំណើរពីកម្ពុជាដល់សឹង្ហបុរី និងម៉ាឡេស៊ី
ទេសរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ការបើកដំណើរការផ្លូវដែកជាមួយប្រទេសថៃ នឹងអាចឱ្យអ្នកដំណើរឆ្លងកាត់ប្រទេសអាស៊ានមួយចំនួនបាននាពេលខាងមុខនេះ។
ក្នុងដំរណើចុះពិនិត្យសា្ថនីយ៍រថភ្លើងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានថ្លែងថា ផ្លូវដែកកម្ពុជាបានតភ្ជាប់ជាមួយផ្លូវដែកថៃហើយ ប៉ុន្តែភាគីទាំងពីរមិនទាន់បានបើកឱ្យដំណើរការនៅឡើយទេ ដោយសារកម្ពុជានិងថៃមិនទាន់ចុះកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវដែកជាមួយគ្នា។
ប៉ុន្តែកិច្ចព្រមព្រៀងនេះបានរៀបចំរួចរាល់អស់ហើយរង់ចាំតែថ្ងៃប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរចុះកិច្ចព្រមព្រៀងនៅថ្ងៃបើកសម្ពោធផ្លូវដែកឆ្លងកាត់ប្រទេសកម្ពុជា-ថៃនៅថ្ងៃទី២២ ខែមេសាខាងមុខ នេះប៉ុណ្ណោះ។ ទន្ទឹមគ្នានឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ ភាគីថៃនឹងប្រគល់ទូរថភ្លើងចំនួន ៤ទូដល់កម្ពុជាផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា នៅពេលបើកដំណើរការជាផ្លូវការនូវផ្លូវដែកនេះ ទាំងការដឹកទំនិញ ទាំងអ្នកដំណើរ និងអ្នកទេសចរអាចធ្វើដំណើរឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយតាមរយៈការជិះរថភ្លើងតែម្តងក៏បាន។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា «ប្រជារាស្ត្រអាចធ្វើដំណើរ កម្មករកម្មការិនីអាចធ្វើដំណើរពីបាំងកកមកដល់កម្ពុជា ចំណែកអ្នកធ្វើដំណើរតាមរថភ្លើងពីខេត្តព្រះសីហនុ និងពីរាជធានីភ្នំពេញដល់ប៉ោយប៉ែតអាចបន្តដំណើរតាមរថភ្លើងដល់បាំងកក ដល់ម៉ាឡេស៊ីឬសិង្ហបុរីក៏បាន»។
ពាក់ព័ន្ធការជំរុញការដឹកជញ្ជូនតាមផ្លូវដែកនេះ ក្រុមហ៊ុនវិនិយោគរ៉ូយ៉ាល់រេលវេ ដែលបានទទួលសិទ្ធិវិនិយោគផ្លូវដែកកម្ពុជាបានបញ្ជាទិញរថភ្លើងពីប្រទេសម៉ិកស៊ិកចំនួន៣គ្រឿងដែលក្នុង១គ្រឿងមានតម្លៃ ២លានដុល្លារ។ ចំពោះសមត្ថភាពរបស់រថភ្លើងនេះដែរ រួមមាន៖ ផ្ទុកមនុស្សបាន៥៦នាក់ មានម៉ាស៊ីនត្រជាក់ កៅអីអង្គុយធំទូលាយ មានបំពាក់ប្រព័ន្ធ Wi-Fi ប្រព័ន្ធហ្វ្រាំងចាប់បានលឿនរហ័ស បង្កើនល្បឿនបានលឿន ដល់៨០-៩០គម/ម៉ មានទ្វារ និងជណ្តើរចុះដោយស្វ័យប្រវត្តិ មានបំពាក់ប្រព័ន្ធគ្រប់គ្រងរំយោលមិនរលាក់ ប្រតិបត្តិការអាចបញ្ជាបានទាំងសងខាង មានទូរទស្សន៍ ១២គ្រឿងក្នុងមួយទូរថភ្លើង និងបង្គន់អនាម័យ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីព្រឹកថ្ងៃទី២៩ ខែ មីនាកន្លងទៅនេះក្នុងវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ក៏បានប្រកាសស្នើសុំក្បាលរថភ្លើងចាស់ៗពីប្រទេសចិន ជប៉ុន ថៃ និងវៀតណាមដើម្បីបង្កើនសមត្ថភាពដឹកជញ្ជូន តាមផ្លូវដែកនៅពេលមានផ្លូវដែកច្រើន នៅពេលខាងមុខ៕