ម្សិលមិញនេះមានការបែកធ្លាយរបាយការណ៍របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អំពីករណីវិជ្ជមាន COVID-19 លើមនុស្ស ៦ នាក់។
ក្រោយបែកធ្លាយរបាយការណ៍ខាងលើ ឯកឧត្តមអភិបាលខេត្តបានចេញសេចក្តីបំភ្លឺថា ហេតុការណ៍នេះបានកើតឡើងតាំងពីថ្ងៃទី ២៤-២៥ វិច្ឆិកា ២០២០ ពោលគឺមុនពេលដែលក្រសួងសុខាភិបាលបានរកឃើញករណីវិជ្ជមានលើអ្នកទាំង ៦នាក់នោះ។
ចំណែកនៅព្រឹកថ្ងៃទី១ ធ្នូនេះ បន្ទាប់ពីបានព័ត៌មានពីក្រសួងសុខាភិបាលដែលបានរាយការណ៍ជូនមករដ្ឋបាលខេត្តកំពង់ចាមថា អ្នកទាំង ៦នាក់នោះ មានវិជ្ជមាន COVID-19 ហើយពួកគាត់បានធ្វើដំណើរមកកាន់ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើម្បីសួសុខទុក្ខបងប្អូនកាលពីថ្ងៃទី ២៤-២៥ ខែវិច្ឆិកា កន្លងទៅ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម អភិបាលខេត្តបានចាត់វិធានការឲ្យមន្ត្រីសុខាភិបាល និងអាជ្ញាធរស្រុក ចុះស្រាវជ្រាវរកអ្នកដែលបានប៉ះពាល់ផ្ទាលនឹងអ្នកទាំង៦នាក់នោះ ដោយរកឃើញចំនួន ៨នាក់ និងយកអ្នកទាំង៨នោះមកពិនិត្យសុខភាព យកសំណាក ព្រមទាំងបញ្ជូនមកធ្វើចត្តាឡីស័ក នៅសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម។ ក្នុងសេចក្តីបំភ្លឺនោះ បានបញ្ជាក់ថា អ្នកវិជ្ជមានCOVID-19 ទាំង ៦នាក់ មិនបានទៅខេត្តកំពង់ចាមពេលថ្មីៗនេះឡើយ។