ពិតជាមិនធម្មតា​មែន ! អ្នកពិការ​ភ្នែក​អាចមើលឃើញពិភពលោក​បាន​ហើយ ក្រោយ​ប្រើបច្ចេកវិទ្យា​របស់​អ៊ីស្រាអែល​

សប្តាហ៍មុននេះអ៊ីស្រាអែល បានរៀបចំការបោះឆ្នោតដើម្បីរើសរដ្ឋាភិបាលថ្មី ហើយការបោះឆ្នោតនោះក៏មិនខុសពីកម្ពុជា​យើងដែរ ដោយប្រជាពលរដ្ឋត្រូវគូសលើកក្រដាស ដើម្បីជ្រើសរើសគណបក្សដែលខ្លួនឯងពេញចិត្ត ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ សូម្បីតែមនុស្សពិការភ្នែកក៏អាចចូលរួមការបោះឆ្នោតបានដូចមនុស្សធម្មតាដែរ។

ក្នុងការបោះឆ្នោតកាលពីពេលថ្មីៗនេះអ្នកពិការភ្នែក ២២,០០០នាក់ បានទទួលសិទ្ធបោះឆ្នោត ក្នុងអ្នកភ្នែកម៉្ញូបប្រមាណ១០០,០០០នាក់ ក៏បានចូលរួមការបោះឆ្នោតដូចគ្នា។ អ្វីដែលជួយអ្នកពិការភ្នែកទាំងនេះ គឺបច្ចេកវិទ្យា OrCam’s MyEye 2 របស់ក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីស្រាអែល OrCam ដែលវាត្រូវបានរៀបចំឲ្យប្រើប្រាស់ក្នុងការបោះឆ្នោតដោយមជ្ឈមណ្ឌលគណៈកម្មការអេឡិចត្រូនិក និងមជ្ឈមណ្ឌលពិការភាពអ៊ីស្រាអែល។

OrCam MyEye 2 ជាឧករណ៍ឆ្លាតវៃ មានមាឌតូច ទម្ងន់ស្រាល ភ្ជាប់ជាមួយដងវែនតា ដែលអានអក្សរនៅលើក្រដាស អក្សរឌីជីថល ពីគ្រប់ទម្រង់ អាចចំណាំមុខមនុស្ស និងស្គាល់ផលិតផល វត្ថុជាច្រើនទៀត ដោយមិនបាច់ភ្ជាប់ជាមួយអ៊ីធឺណេត និងអាចធ្វើការបានភ្លាមៗតែម្តង។

អ្នកពិការភ្នែកគ្រាន់តែចង្អុលម្រាមដៃទៅកាន់កន្លែងណាមួយ រួចចាំពីរបីវិនាទី ឧបករណ៍នេះនឹងប្រាប់ថា វាជាអ្វីចំពោះអ្នកមានភ្នែកមិនល្អក៏អាចប្រើវាឲ្យអានកាសែតបានដែរ ដោយគ្រាន់តែដាក់ម្រាមដៃអូសតាមបន្ទាត់អក្សរ។ នៅក្នុងការបោះឆ្នោតកន្លងទៅនេះ orCam បានដាក់ឲ្យប្រាស់នៅតាមស្ថានីយ៍បោះឆ្នោតចំនួន១២កន្លែង​ ហើយវាបានជួយស្កេនសន្លឹកឆ្នោត និងប្រាប់ថាតើមានគណបក្សណាខ្លះចូលរួម រួចប្រាប់កន្លែងដែលត្រូវគួសសន្លឹកឆ្នោត។

គួរបញ្ជាក់ថា OrCam បានបំពាក់បច្ចេកវិទ្យា AI បើតាមលោក Ziv Aviram សហស្ថាបនិក orCam លើកឡើងថា លោករំពឹងថាប្រទេសផ្សេងនៅលើពិភពលោកនឹងយកបច្ចេកវិទ្យានេះទៅប្រើដូចអ៊ីស្រាអែលដែរ។ OrCam MyEye ត្រូវ​បានដាក់ឲ្យប្រើប្រាស់នៅក្នុង៣៧ប្រទេស​រួចមកហើយ ព្រមទាំងដំណើរការ២២ភាសាផងដែរ៕