ដូចការគ្រោង​ទុកមែន បច្ចុប្បន្ន​ការអភិវឌ្ឍន៍​ក្នុងខណ្ឌព្រែកព្នៅកំពុង​មានសន្ទុះ​ ហើយអាច​ក្លាយជាទីក្រុងកោះពេជ្រទី២

មានចម្ងាយប្រហែល១៥គីឡូម៉ែត្រ និងស្ថិតនៅប៉ែកពាយ័ព្យក្រុងភ្នំពេញ ព្រែកព្នៅ ដែលជាតំបន់អភិវឌ្ឍន៍ថ្មីកំពុងតែមានភាពពេញនិយមខ្លាំងចំពោះគម្រោងលំនៅដ្ឋានតម្លៃសមរម្យ ជាពិសេសដោយសារតែតម្លៃដីនៅទីនោះធូរថ្លៃជាងគេ បើធៀបនឹងខណ្ឌផ្សេងៗទៀតនៅទីក្រុង។

ព្រែកភ្នៅត្រូវបានបែងចែកជា៥សង្កាត់៖ ពញាពុន ព្រែកព្នៅ សំរោង គោករកា និងពុនសាង។ អ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍កំពុងសិក្សាវិនិយោគនៅតំបន់នេះដោយសារតែវាជាតំបន់ ដែលមាន សក្ដានុពលសេដ្ឋកិច្ច និងទេសចរណ៍ហើយជាពិសេសមានសណ្ឋានដីប្រហាក់ប្រហែលនឹងកោះពេជ្រ។

លោក អ៊ុង មាន អ្នកលក់ដីឡូតិ៍នៅព្រែកភ្នៅ បានឱ្យដឹងថា ព្រែកព្នៅជាតំបន់សេដ្ឋកិច្ច និងទេសចរណ៍។ ក្នុងចំណោមដីនៅជាយក្រុងទាំងអស់ដីនៅព្រែកភ្នៅនៅធូរថ្លៃជាងគេ។ បើធៀបនឹងដីនៅអរិយក្សត និងចំការដូង ដីមួយឡូតិ៍ជាមធ្យមមានតម្លៃ ១៥,០០០ ដុល្លារ ចំណែកនៅព្រែកព្នៅដីមួយឡូតិ៍ជាមធ្យមមានតម្លៃតែ ៧,០០០ ដុល្លារប៉ុណ្ណោះ។

ដោយមានសណ្ឋានដីប្រហាក់ប្រហែលនឹងកោះពេជ្រ លោក អ៊ុង មាន ជឿថា ព្រែកព្នៅអាចនឹងក្លាយជាកោះពេជ្រទី២បន្ទាប់ពីតំបន់នេះត្រូវបានអភិវឌ្ឍន៍ពេញលេញ។ ប្រការនេះនឹងជម្រុញអ្នកអភិវឌ្ឍន៍មកផ្ដោតការយកចិត្តទុកដាក់នៅទីនោះ ជាពិសេសគម្រោងលំនៅដ្ឋានតម្លៃសមរម្យ ដែលកំពុងមានតម្រូវការខ្ពស់ក្នុងចំណោមគ្រួសារចំណូលមធ្យម និងក្រោមមធ្យម។ ទន្ទឹមនេះ លោកឧកញ៉ា ចេង ខេង  ប្រធានក្រុមហ៊ុន Cambodia Properties Limited (CPL) លើកឡើងផងដែរថាការវិនិយោគលើដីឡូតិ៍ជារឿងល្អបើអ្នកលក់អនុវត្តន៍តាមការសន្យាដូចជា ការសាងសង់ផ្លូវ ការរៀបចំប្រព័ន្ធទឹក និងភ្លើង សម្រាប់អតិថិជនរបស់ខ្លួន។

លោកឧកញ៉ា ចេង ខេង ជម្រុញអ្នកលក់ដីឡូតិ៍ឱ្យធ្វើតាមការសន្យារបស់ខ្លួន ដោយបន្ថែមថា ដីឡូតិ៍អាចជួយគ្រួសារចំណូលមធ្យមឱ្យមានលំនៅដ្ឋានអចិន្រ្តៃដូចអ្នកមានចំណូលខ្ពស់ដែរ។ លោក ម៉ាន់ ចាន់ឌី អគ្គនាយកក្រុមហ៊ុន Premium Housing Co., Ltd ដែលវិនិយោគលើដីឡូតិ៍ ៤កន្លែងនៅព្រែកភ្នៅ និយាយថា ជាមួយនឹងតម្រូវការដីឡូតិ៍កើនឡើង យើងបានលក់ដាច់៧០ ភាគរយហើយនៃគម្រោងរបស់យើងទាំងមូល។

លោក ចាន់ឌី បន្តថា គម្រោងដីឡូតិ៍របស់លោក ដែលមានទំហំ ៥x២០ម៉ែត្រ តម្លៃ ២,៧០០ ដុល្លារ លក់ដាច់ច្រើនជាងគេ ហើយអតិថិជនភាគច្រើន គឺគ្រួសារចំណូលក្រោមមធ្យម និងមធ្យម។ យោងតាមរបាយការណ៍លំនៅដ្ឋានឆ្នាំ២០១៧របស់ក្រុមហ៊ុន Vtrust Appraisal គិតចាប់តាំងពី ឆ្នាំ២០០១ មក ព្រែកភ្នៅមានតែ៩គម្រោងធំៗ និង១២គម្រោងតូចៗ ដែលសរុបមានចំនួន៦,០០០យូនីត។

ក្នុងចំណោមគម្រោងទាំងនោះ គម្រោងដែលសាងសង់ចប់មានតែ២គម្រោងប៉ុណ្ណោះដែលមាន៣០៤យូនីត។ យ៉ាងណាក៏ដោយគេរំពឹងថា៣,៧២០យូនីតទៀត នឹងត្រូវសាងសង់ចប់ នៅឆមាសទីមួយឆ្នាំ២០១៩ខាងមុខ។ បើទោះបីជាព្រែកភ្នៅមិនទាន់មានគម្រោងច្រើនក៏ដោយ លោក ចាន់ឌី ជឿថា ជាមួយនឹងដីដែលមានតម្លៃថោកជាងខណ្ឌដទៃ និងទិសដៅអភិវឌ្ឍន៍ឆ្ពោះទៅភាគខាងជើង ព្រែកភ្នៅនឹងស្គាល់ការអភិវឌ្ឍន៍យ៉ាងលឿនរហ័សនៅថ្ងៃអនាគតដ៏ខ្លី៕