ពុទ្ធោព្រះអើយ! មានមនុស្ស៤០០នាក់ក្នុងខេត្តតាកែវ ជាប់ពាក់ព័ន្ធនឹងបុគ្គល សោភ័ណ្ឌ កក្កដា មានផ្ទុកកូវិដ១៩

យ៉ាងហោចណាស់មានអ្នកជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោលជិត៤០០នាក់ទេដែលត្រូវបានមន្ទីរសុខាភិបាល ខេត្តតាកែវរកឃើញ ក្នុងករណីដែលបុគ្គល សោភ័ណ្ឌ កក្កដាចូលរួមពិធីមង្គលការមួយនៅខេត្តនេះហើយត្រូវបានរកឃើញថាលោកមានវិជ្ជមានជំងឺកូវីដ១៩នោះ។ ក្នុងនេះមានបុគ្គលប្រមាណ២៥ នាក់បានជាប់ពាក់ព័ន្ធផ្ទាល់ ហើយបច្ចុប្បន្នអ្នកជាប់ពាក់ព័ន្ធទាំងនោះ ត្រូវបានក្រុមគ្រូពេទ្យចុះយកសំណាក់និងដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីបន្តតាមដាន។ នេះបើតាមការបញ្ជាក់របស់ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ លោក នុត ស៊ីណាត ដោយលោកបានលើកឡើងដែរថា អាជ្ញាធរខេត្តបានចុះមកដល់ឃុំរវាង ស្រុកសំរោង ហើយក្រុមគ្រួពេទ្យបានយកសំណាក រួនទាំងកងកម្លាំងបានឃ្លាំមើល និងព័ទ្ធផ្ទះម្ចាស់ដើមការ និងអ្នកពាក់ព័ន្ធដទៃទៀត។

ប្រភពដដែលបានបញ្ជាក់ថា ដោយផ្តើមយកសំណាកពីគ្រួសារម្ចាស់ដើមការដែលប៉ះពាល់ផ្ទាល់ និងបន្តស្រាវជ្រាវរកអ្នកប៉ះពាល់ផ្សេងទៀត ហើយដាក់ពួកគាត់ឲ្យធ្វើចត្តាឡីស័ក។ ជាមួយគ្នានេះដែរអាជ្ញាធរស្រុក ស្រុកបាទី ក៏បានធ្វើការដឹកនាំកម្លាំង ការិយាល័យជំនាញ គណ:បញ្ជាការឯកភាព ចុះពិនិត្យ និងបិទទីតាំងផ្ទះសំអាងការណាក់ ដាណេ និងផ្សារអង្គសឹង្ហ ដែលមានជាប់ពាក់ព័ន្ធមង្គលការ នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខែត្រតាកែវ ដែលបានប្រារព្ធឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ កន្លងទៅ ជាបណ្ដោះអាសន្ន។

យោងតាមលិខិតរបស់លោកកេត ម៉ៅ អភិបាលស្រុកសំរោងក៏បានបញ្ជាក់អំពីបុគ្គលដែលបានប៉ះពាល់ដោយផ្ទាល់២៥នាក់ដែលមាន១២នាក់រស់នៅក្នុងស្រុកសំរោង ១២នាក់រស់នៅស្រុកបាទី និងម្នាក់ទៀតរស់នៅក្នុងស្រុកត្រាំកក់ ភូមិដែលប៉ះពាល់ផ្ទាល់មាន៥ភូមិ ខណៈដែលភូមិដែលបានរៀបអាពាហ៍ពិពាហ៍នោះមានប្រជាពលរដ្ឋរស់នៅចំនួន២០២គ្រួសារ សរុបមនុស្ស ប្រមាណ៨៩៥ នាក់។

នៅលើបណ្តាញសង្គមហ្វេសប៊ុកឯណេវិញលេចចេញការរិះគន់ខ្លាំងទៅលើបុគ្គលឈ្មោះ សោភណ្ឌកក្កដា នេះព្រោះតែមុនពេលចូលរួមពិធីមង្គលការនេះគេបានឃើញលោកបង្ហោះវីដេអូក្នុងបណ្តាញសង្គមTik Tok ថាលោកមិនស្រួលខ្លួនព្រោះមានអាការៈឈឺក្បាល ហើយបែជានៅតែលេចមុខក្នុងពិធីមង្គលការខាងលើទាំងគ្មានឃើញពាក់ម៉ាស់ការពារខ្លួនក្នុងកម្មវិធីមង្គលការចាប់តាំងពីព្រឹកព្រលឹមរហូតដល់កណ្តាលអាទ្រាធដែលមានទាំងការរាំរែកយ៉ាងសប្បាយរីករាយ។

លោកកក្កដា សោភ័ណ្ឌ បានទទួលលទ្ធផលវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី ១៤ ខែមីនា បន្ទាប់ពីបានទៅចូលរួមពីធីអាពាហ៍ពិពាហ៍កាលពីថ្ងៃទី ១២ ខែមីនា ហើយមានការចែកចាយនៅលើបណ្តាញសង្គមនូវរូបថតមួយសន្លឹក ពីការពាក់ព័ន្ធកៀកកិតជាមួយកូនក្រមុំ ការតែងខ្លួនចែកអាំងប៉ាវ ដល់អ្នកចូលរួមពិធីហែជំនូន រហូតដល់ការរាំរែកពាក់កណ្តាលអាទ្រាធនោះ។ មហាជនរិះគន់ខ្លាំងៗទៅលើបុគ្គល កក្កដា សោភ័ណ្ឌ ដែលធ្វើសកម្មភាពនានាមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។ពេលនេះបុគ្គលខាងលើបាននឹងកំពុងសម្រាកព្យាបាលជំងឺនៅមណ្ឌលសុខភាពចាក់អង្រែ៕

អត្ថបទ៖ វីរសិទ្ធិ
រូបភាព៖ ហ្វេសប៊ុក