ជាទូទៅដើម្បីបានទឹកដូង កសិករត្រូវធ្វើការឡើងដើមដូង ដើម្បីបេះផ្លែរួចយកមកកាប់យកទឹក ប៉ុន្តែសម្រាប់យុវជនឥណ្ឌាម្នាក់មានឈ្មោះថា Charles Vijay Varghese បានមើលឃើញពីហានិភ័យនៃការឡើងខ្ពស់ពីសំណាក់កសិករ ក៏បង្កើតជាដំណោះស្រាយដើម្បីជួយពួកគាត់។
គាត់បានបង្កើតនូវឧបករណ៍មួយ ដែលទាញយកទឹកដូងបានច្រើនជាងទម្លាប់ពុះដូងយកទឹកធម្មតា រហូតដល់ទៅ ៧២ដង ហើយសម្រាប់កសិករវិញមិនបាច់ត្រូវព្រួយបារម្ភរឿងឡើងដើមដូងច្រើនដងនោះឡើយ ពោលគឺត្រូវឡើងតែពីរដងគត់ ពេលឡើងដាក់ឧបករណ៍និងពេលដោះមកវិញ។
ជាងនេះទៅទៀតក្រោយពេលដែលកសិករធ្វើការបំពាក់ឧបករណ៍របស់គាត់រួចរាល់ហើយនោះ លោក Vijay ក៏បានបង្កើតជា App ដែលបានអាចបញ្ចូនដំណឹងពីសភាពទឹកដូងបានទៅដល់កសិករ និងបង្ហាញប្រាប់កសិករថាអាចទៅយកទឹកដូងបានរួចហើយ។
ឧបករណ៍ធ្វើការបឺតយកទឹកដូង រួចបញ្ចូនចុះតាមទុយោមកស្តុកទុកក្នុងធុង។ ក្រៅតែពីទឹកដូងឧបករណ៍ឆ្លាតវៃប្រើប្រាស់បច្ចេកវិទ្យា AI មួយនេះអាចប្រើប្រាស់ដើម្បីទាញយកផលពីទឹកឃ្មុំ ដើមត្នោតបាន ព្រមទាំងអាចបម្លែងទៅជាស្ករត្នោត ក៏ដូចជាស្ករដូងតាមរយៈការសម្ងួតដោយស្វ័យប្រវត្តិ។ ព្រោះតែគំនិតឆ្នៃប្រឌិតថ្មីនេះហើយ លោកបានបង្កើតជាក្រុមហ៊ុនមួយក្រោមឈ្មោះថា NAVA កាលពីខែសីហាឆ្នាំ២០១៦ រហូតដល់មានការជម្រុញពីខាងរដ្ឋាភិបាលឥណ្ឌាឱ្យគាត់បង្កើតវាទៅជាផលិតផលខ្នាតធំនាំចេញឆាប់ៗនេះ។
គួរឱ្យភ្ញាក់ផ្អើលមែនទែន ដែលផលិតផលរបស់គាត់ត្រូវបានលក់ក្នុងតម្លៃសមរម្យ ពោលប្រមាណជា១៥០ដុល្លារក្នុងមួយគ្រឿងតែប៉ុណ្ណោះ ហើយអាចប្រើប្រាស់ថ្មក៏បាន ប្រើប្រាស់ពន្លឺព្រះអាទិត្យក៏បាន ដែលអ្នកប្រើប្រាស់ធ្វើការទិញតែម្ដងអាចប្រើប្រាស់បានយូរ។
ទើបតែបង្កើតបានតែ៣ឆ្នាំក៏ពិតមែន ឧបករណ៍ថ្មីនេះគ្រោងឈោងចាប់ទីផ្សារប្រមាណជា១១ប្រទេស រាប់តាំងពីបណ្ដាប្រទេសអាស៊ានដូចជាថៃ និងវៀតណាម រហូតដល់ទ្វីបអាមេរិក ដែលមានដូចជាមិចសិកកូជាដើម៕