តោះ​ស្វែង​យល់​សារគន្លឹះ​សំខាន់​២ របស់​សម្តេចតេជោ ហ៊ុន សែន ក្នុងទិវា​សេរីភាព​សារព័ត៌មានពិភព​លោក​

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​  ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី២៦ ដែល​ប្រារព្ធឡើងនៅថ្ងៃទី៣ ខែឧសភានេះ បានគូសបញ្ជាក់ក្នុងសារលិខិតរបស់សម្តេច​នូវចំណុចសំខាន់ជាគន្លឹះចំនួន២ ដែលត្រូវបានគេសង្កេតឃើញថាបានកើតឡើង និងកំពុងបន្តកើតឡើងក្នុងប្រព័ន្ធផ្សព្វផ្សាយប្រទេសកម្ពុជា ជុំវិញវិស័យសារព័ត៌មាន។

សារគន្លឹះសំខាន់ចំនួន២ ដែលត្រូវបានសម្តេចតេជោ រំលេចឡើងក្នុងសារលិខិតរបស់លោក ត្រូវបានមើលឃើញថាក្នុងន័យអំពាវនាវ និងក្រើនរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ ទាំងជាតិ និងអន្តរជាតិ ឱ្យមានការកែលម្អ និងអភិវឌ្ឍន៍​ខ្លួនឡើងវិញ ដើម្បីជៀសវាងពីស្ថានភាពដដែលៗ ដែលបង្កផលប៉ះពាល់ដល់សង្គមកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល។

សារគន្លឹះទី១៖ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យអ្នកសារព័ត៌មានត្រូវមានភាពស្មោះត្រង់ក្នុងវិជ្ជាជីវៈ ដោយត្រូវក្លាហានហ៊ាននិយាយការពិត ធ្វើការរិះគន់ក្នុងន័យស្ថាបនា និងហ៊ានទទួលយកការពិត ដើម្បីឱ្យព័ត៌មានរបស់ខ្លួន​ក្លាយជាព័ត៌មានពិត។

សារគន្លឹះទី២៖ សម្តេចតេជោ បានក្រើនរំលឹកដល់អ្នកសារព័ត៌មានទាំងជាតិ និងបរទេស ដែលកំពុងបំពេញការងារក្នុងប្រទេសកម្ពុជា និងកំពុងបំពេញការងារនៅបរទេសក្តី សូមអនុវត្តឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌ វិជ្ជាជីវៈ ជៀសវាងការផ្សព្វផ្សាយព័ត៌មានតែមួយជ្រុង ដោយមិនបានផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ការផ្សាយព័ត៌មានក្លែងក្លាយដើម្បីបំប៉ោងសភាពការណ៍ និងបន្តុះបង្អាប់ ការញុះញង់អុជអាលឱ្យមានការស្អប់ខ្ពើម ប្រកាន់ពូជសាសន៍ បង្កឱ្យមានការបែកបាក់ បង្កឱ្យមានទំនាស់ជាមួយបរទេស ដែលធ្វើឱ្យអន្តរាយដល់ប្រទេសជាតិ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ស្របពេលដែលកម្ពុជាកំពុងបើកទូលាយនៅសេរីរភាពសារព័ត៌មាន ដែលបានធ្វើឱ្យវិស័យនេះកំពុងរីកចំរើនលូតលាស់យ៉ាងឆាប់រហ័ស គប្បីអ្នកសារព័ត៌មានត្រូវតែខិតខំអភិវឌ្ឍន៍ខ្លួនឱ្យមានសមត្ថភាពក្នុងការវិភាគសភាពការណ៍ទាំងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិឱ្យបានស៊ីជម្រៅ ដើម្បីដើរទាន់ការវិវឌ្ឍ​ន៍​សភាពការណ៍ទាំងក្នុងប្រទេស ក្នុងតំបន់ និងពិភពលោក និងត្រូវចូលរួមប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយដែលបង្កឡើងដោយជនអគតិមួយចំនួន ដើម្បីបំរើមហិច្ឆតាលោភលន់របស់ខ្លួន កំពុងតែគំរាមកំហែងសុខសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅលើសកលលោកទាំងមូល៕