ត្បូងឃ្មុំ ៖ បន្ទាប់ពីអាកាសធាតុក្តៅហួតហែង ដីស្ទើរតែប្រេះក្រហែងទៅហើយនោះ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១-២ ខែឧសភាឆ្នាំ២០១៩នេះ មេឃក៏បានធ្លាក់ភ្លៀង ធ្វើឲ្យពលរដ្ឋរីករាយត្រេកអរ ត្រជាក់កាយសប្បាយចិត្ត ប៉ុន្តែជាមួយគ្នានោះ ភ្លៀងធ្លាក់ក៏បានលាយលំជាមួយខ្យល់កន្ត្រាក់ ស្ទើរគ្រប់ក្រុងស្រុក ក្នុងខេត្តត្បូងឃ្មុំ បានធ្វើឲ្យប្រជាពលរដ្ឋជាង១៦៥គ្រួសារ ទទួលរងផលប៉ះពាល់ដោយប៉ើងតំបូល និងរលំផ្ទះ ក៏ដូចជាវត្តអារាម សាលារៀន និងផលដំណាំនានារបស់ប្រជាពលរដ្ឋត្រូវបាក់ និងរំលើងឬសខ្ទេចខ្ទីផងដែរ ក្នុងនោះស្រុក ២ដែលរងគ្រោះច្រើនជាងគេ គឺស្រុកមេមត់១១២គ្រួសារ និងស្រុកត្បូងឃ្មុំ៣៩គ្រួសារ។
ឆ្លើយតបនូវតំរូវការរបស់ពលរដ្ឋភ្លាមៗ នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ លោកស្រី ឡេង សុខា ប្រធានស្តីទី សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ និងសហការី បាននាំយកអំណោយជាស្បៀងអាហារ និងថវិការបស់សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ទៅចែកជូនប្រជាពលរដ្ឋក្នុងស្រុកត្បូងឃ្មុំចំនួន ៣៩គ្រួសារ ដែលរងគ្រោះមហន្តរាយដោយធម្មជាតិនេះ ដែលជាការឆ្លើយតបទៅនឹងពាក្យស្លោករបស់កាកបាទក្រហមកម្ពុជា «ទីណាមានទុក្ខ ទីនោះមានកាកបាទក្រហមកម្ពុជា សម្រាប់គ្រប់ៗគ្នាស្មើៗគ្នា ដោយមិនរើសអើងនោះឡើយ» ដោយឡែក គ្រួសាររងគ្រោះ ដ៍ទៃទៀតសាខាកាកបាទក្រហមខេត្ត នឹងចុះចែកជាបន្តបន្ទាប់អោយបានដល់ដៃ គ្រប់ៗគ្នា។
ក្នុងឱកាសនោះ លោកស្រី ឡេង សុខា បានសំណេះសំណាល និងសម្តែងនូវការសោកស្តាយ ក៏ដូចជាពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនដែលរងគ្រោះទាំងអស់ ដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត។
លោកស្រី ថ្លែងថា អំណោយចែកជូនបងប្អូន ពេលនេះ គឺដើម្បីជួយសម្រួលនូវតំរូវការចាំបាច់របស់បងប្អូន ជាមួយគ្នានោះ ក៍បានផ្តាំផ្ញើរ ដល់បងប្អូនពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្ន ខ្ពស់បំផុត ពិសេសថែរក្សាសុខភាព ដោយផឹកស្អាត ហូបស្អាត និងរស់នៅស្អាត។
ចំពោះអំណោយដែលចែកជូននាពេលនោះ ក្នុង១គ្រួសារៗ រួមមានថវិការ ១០ម៉ឺនរៀល, អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកសុទ្ធ១កេស, តង់១ និងវិការ២០ម៉ឺនរៀលសម្រាប់គ្រួសារខូខាតធ្ងន់ធ្ងរ៕