បុរសគ្រប់រូបត្រូវចងចាំ ក្រោយពេលរៀបការដើម្បីគ្រួសារមានសុភមង្គល ស្ត្រីត្រូវការ៥ចំណុចសំខាន់បំផុតពីស្វាមី
ទើបតែរៀបការហើយថ្មីៗស្រីៗ ចង់ឲ្យស្វាមីធ្វើរឿងមួយចំនួនដល់ខ្លួនខ្លាំងណាស់ តែដោយសារតែទើបតែចូលរោងការជាមួយគ្នាទើបមិនហ៊ាននិយាយ។
១.ឲ្យការជួបជុំផឹកស៊ីតែក្នុងកម្មវិធីសំខាន់ៗ បានហើយកុំរាល់ថ្ងៃចោលប្រពន្ធពេក
បុរសមួយចំនួនគិតថាវាជារឿងធម្មតាសម្រាប់ខ្លួន តែដែលគិតទេថាក្នុងចិត្តប្រពន្ធកំពុងចាំប្ដី នៅឯផ្ទះមានអារម្មណ៍អន្ទះអន្ទែងបែបណា? ការសេពគប់មិនភក្ដិចៀសមិនផុតពីរឿងនេះឡើយ តែសូមកុំឲ្យវាក្លាយជាទម្លាប់ ព្រោះគ្មានភរិយាឯណា ស្រឡាញ់ប្ដីក្លិនតែស្រាឡើយ។
២.សូមឲ្យប្ដីចំណាយពេលដ៏រវល់ផ្ដល់ភាពកក់ក្ដៅឲ្យប្រពន្ធកូនខ្លះ
រឿងនេះបុរសជាប្ដីអាចគិតថា ប្រពន្ធទំនងជាមិនអាក់អន់ស្រពន់ចិត្តអ្វីឡើយ ព្រោះគិតថាខ្លួនរវល់ខ្លាំងរហូតគ្មានពេលឲ្យប្រពន្ធកូន ព្រោះតែរកលុយផ្គត់ផ្គង់គ្រួសារ។ យ៉ាងណាបើគិតតែរឿងការងាររហូតភ្លេចគិតមនុស្ស ដែលអ្នកស្រឡាញ់នៅតែក្នុងផ្ទះ គ្មានឱកាសបានសាងភាពផ្អែមល្ហែមនោះ ក៏មិនអាចធ្វើឲ្យជីវិតគ្រួសារមានសុភមង្គលបានដែរ។
៣.បើសិនជាអាចកិច្ចការងារផ្ទះទាំងឡាយសូមជួយប្រពន្ធខ្លះផងកុំប្រកាន់ខ្លួនពេកអី
ការងារផ្ទះភាគច្រើនភរិយាជាអ្នកទទួលរ៉ាប់រង មិនថាការរៀបចំទុកផ្ទះសម្បែង ម្ហូបអាហារ បោកសម្លៀកបំពាក់ និង មានកិច្ចការជាច្រើនទៀត។ ដូច្នេះនាងត្រូវទទួលបន្ទុកច្រើនទាំងការងារក្នុង និងការងារក្រៅ។ សូមប្ដីកុំប្រកាន់ខ្លួន កុំគិតថាការងារស្រី ការងារប្រុស បើឃើញនឹងភ្នែកហើយក៏ដាក់ដៃជួយប្រពន្ធខ្លះទៅ ព្រោះវាមិនបានធ្វើឲ្យធ្លាក់តម្លៃអ្វីឡើយ តែផ្ទុយមកវិញធ្វើឲ្យគ្រួសារកាន់តែមានសុភមង្គល។
៤.សូមឲ្យស្រឡាញ់នាង និងគ្រួសារនាងដូចគ្រួសារអ្នកដែរ
ក្រៅពីស្រឡាញ់នាងហើយ ប្រពន្ធចង់ឲ្យប្ដីផ្ដល់កិត្តិយស និង តម្លៃទៅគ្រួសារនាងដូចគ្នា ។ នាងនឹងមានអារម្មណ៍ថាអ្នក និងនាងមិនមែនគ្រាន់តែជាប្ដីប្រពន្ធ តែជាគ្រួសារតែមួយដូចចេញពីឈាមតែមួយ ហើយកាន់តែធ្វើឲ្យនាងមានភាព កក់ក្ដៅព្រមស្ម័គ្រខ្លួនក្បែរអ្នកគ្មានថ្ងៃផ្លាស់ប្ដូរ។
៥.សូមឲ្យស្មោះត្រង់ជាមួយនាងកុំប្រឡូកប្រឡាកជាមួយអ្នកផ្សេង
មនុស្សស្រីក្រោយរៀបការហើយ គឺនាងបានដាក់ចិត្តថាស្រឡាញ់តែប្ដីម្នាក់ ប្រគល់ចិត្ត និងបេះដូងដ៏ស្មោះរបស់នាងឲ្យទៅអ្នក។ គ្មានមនុស្សស្រីឯណាលើលោកនេះសប្បាយចិត្ត ពេលឮថាប្ដីមានស្រីនោះទេ មិនថាស្រីនោះមានឋានៈក្នុងបេះដូងប្ដីជាអ្វីក៏ដោយក៏នាងមិនអាចទទួលយកបានដែរ។
សូមឲ្យស្វាមីគ្រប់រូបកុំបំផ្លាញក្ដីសុខ និងសុភមង្គលគ្រួសារ ព្រោះតែបុគ្គលទី៣ឲ្យសោះ ព្រោះតែអ្នកដែលព្រមកាន់ដៃអ្នក ព្រមរួមសុខ រួមទុក្ខជាមួយអ្នក គឺមានប្រពន្ធនេះហើយ៕