គ្រាន់តែក្រុមហ៊ុនApple បានធ្វើការដករន្ធកាសបែបបុរាណចោល និងបង្កើតថ្មីធ្វើឲ្យគេសើចចម្អក ប៉ុន្តែចុងក្រោយ
គ្រប់គ្នាប្រាកដជាចាំច្បាស់ហើយថាកាលពីជំនាន់Apple ចេញ iPhone7 អ្វីដែលធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល ដោយសារតែApple បានដករន្ធកាស3.5មីលីម៉ែត្រ ដែលជារន្ធកាសប្រពៃណីមានស្ទើរគ្រប់ឧបករណ៍ ដែលបញ្ចេញសម្លេងប្រមាណជាងកន្លះសតវត្សរួចមកហើយ។
គ្រប់គ្នានាំគ្នាឆ្ងល់ថាហេតុអ្វីបានជាApple ទៅដករបស់ដែលចាំបាច់អ៊ីចឹង ខណៈដែលកាសត្រចៀកភាគច្រើនសុទ្ធតែប្រើប្រាស់ឌុយ3.5 មីលីម៉ែត្រនោះ ហើយជាងនេះទៅទៀតក្រុមហ៊ុនស្មាតហ្វូនដ៏ទៃដូចជា Google Pixel ជាដើមចាប់ផ្ដើមបន្ទរតាមការបង្ហាញទូរស័ព្ទរបស់ខ្លួនលក្ខណៈឌឺដងថា ខ្លួននឹងមិនដករន្ធកាសចោលដូចក្រុមហ៊ុនApple នោះទេ។
Apple ដកចេញដើម្បីទុកចន្លោះដាក់បច្ចេកវិទ្យាថ្មីៗរបស់ខ្លួនដូចជា ម៉ាស៊ីនលំញ័រថ្មីជាដើម ប៉ុន្តែនៅពីក្រោយបច្ចេកវិទ្យាថ្មីៗទាំងនោះ Apple ក៏បានមើលឃើញពីទំនោរនៅថ្ងៃអនាគតរបស់មនុស្សដែរ ពោលគឺដើរទៅកាន់ពិភពមួយដែលមិនសូវប្រើប្រាស់ខ្សែរច្រើនរញ៉េរញ៉ៃដូចមុន។
យើងក៏អាចគិតម្យ៉ាងទៀតបានដែរថា ការដកចេញរន្ធកាសនេះធ្វើឡើងស្របពេលដែល Apple ធ្វើការប្រកាសពី Airpod ដែលជាកាសឥតខ្សែររបស់ខ្លួន ហើយការដកនេះនឹងជួយឱ្យអ្នកស្រឡាញ់ចូលចិត្ត Apple នឹងងាកទៅទិញកាសឥតខ្សែរដែលមានតម្លៃរហូតទៅដល់១៥៩ដុល្លារនោះ។
ពិតណាស់មានមតិរិះគន់ជាច្រើនទៅលើ Apple សូម្បីតែអ្នកគាំទ្រយូរឆ្នាំខ្លះក៏ខកចិត្តទៅនឹងការដករន្ធកាសរបស់ Apple នេះដែរ តែជាទម្លាប់របស់ Apple ហើយដែលមិនស្ដាប់អ្វីដែលមនុស្សចង់បាននោះ ដូចសម្ដីរបស់ស្ថាបនិកក្រុមហ៊ុន លោក Steve Jobs ថា៖ មនុស្សមិនដឹងថាខ្លួនឯងចង់បានអ្វីឡើយ ទាល់តែយើងបង្ហាញគេ។ តែApple ប្រហែលជាគិតត្រូវហើយ ព្រោះក្រោយពីរងព្យុះភ្លៀងគេរិះគន់មួយរយៈដំបូង ក្រោយមកស្រាប់តែ Google ដែលធ្លាប់រិះគន់ចំៗលើការដករន្ធកាសនេះ បានប្រកាសដករន្ធកាសដែរ ទៅលើទូរស័ព្ទ Pixel 2 របស់ខ្លួនដែរ។
បន្តពីនេះស្រាប់តែឃើញ Samsung ដែលជាដៃគូរប្រកួតប្រជែងធំទៅលើស្មាតហ្វូនជាមួយនឹង Apple ដែរនោះ ប្រកាសដករន្ធកាសចេញពីទូរស័ព្ទសេរី A8 របស់ខ្លួនដែរ បន្ថែមពីនេះទូរស័ព្ទអេក្រង់បត់បាន ដែលទើបនឹងចេញនាពេលថ្មីៗនេះក៏មិនមានរន្ធកាសភ្ជាប់មកជាមួយគ្នាផងដែរ៕