តាម​ខ្សែបន្ទាត់ព្រំ​ដែន​ខេត្ត​ព្រះសីហនុ​ កំពុង​តែមាន​សន្ទុះខ្លាំង​ក្នុង​ការ​បង្កើត​កាស៊ីណូ បម្រើសេវាកម្មឲ្យភ្ញៀវទេសចរ

កម្ពុជានាពេលបច្ចុប្បន្ន កំពុងមានសន្ទុះនៃការវិនិយោគគួរឲ្យកត់សម្គាល់ ដែលបូករួមជាមួយនឹងការរីកចម្រើននៃវិស័យ​អចលនទ្រព្យ និងការរីកចម្រើនទៅតាមតំបន់អភិវឌ្ឍន៍មួយចំនួនផងដែរ។

ចំណែកការអភិវឌ្ឍន៍នៃកាស៊ីណូវិញក៏មានការរីកចម្រើនមិនចាញ់ប្រទេសដទៃទៀតឡើយ ដោយយើងទើបតែបានឃើញក្រុមហ៊ុន NagaCorp បញ្ចេញគម្រោង Naga3 ចំណាយទឹកប្រាក់ជិត៤ពាន់លានដុល្លារ កាលពីពេលថ្មីៗនេះ។ បើក្រលេកមើលទៅឆ្នាំ២០១៨វិញ យើងឃើញថា មានការកើនឡើងកាស៊ីណូចំនួន៥២កន្លែង (ស្មើរនឹងការកើន៥៣%) ដែលកាលពីឆ្នាំ២០១៧ កាស៊ីណូមានត្រឹមតែ៩៨កន្លែងប៉ុណ្ណោះ ប៉ុន្តែនៅដំណាច់ឆ្នាំ២០១៨ ប្រទេសកម្ពុជាមានកាស៊ីណូឡើងដល់១៥០កន្លែង។

ហើយនៅក្នុងកាស៊ីណូចំនួន១៥០កន្លែងនោះ ភាគច្រើនគឺកាស៊ីណូរីកចម្រើនខ្លាំងនៅតំបន់ជាប់សមុទ្រ ក្រុងព្រះសីហនុ និងនៅតាមតំបន់ជាប់ព្រំដែន និយាយឲ្យខ្លីគឺនៅច្រកព្រំដែនប៉ោយប៉ែត និងបាវិត ក៏កើនខ្លាំងគួរឲ្យកត់សម្គាល់ផងដែរ។

គួរជម្រាបផងដែរថា ក្រុងបាវិត និងក្រុងប៉ោយប៉ែត កំពុងមានការកើនឡើងយ៉ាងខ្លាំងដោយសារតែច្បាប់របស់ជិតខាងកម្ពុជា គឺប្រទេសថៃ និងប្រទេសវៀតណាមមិនអនុញ្ញាតឲ្យមានការបើកកាស៊ីណូនៅតំបន់ច្រកព្រំដែនឡើយ ហេតុនេះហើយដែលធ្វើឲ្យទីក្រុងចំនូន២របស់កម្ពុជានេះទទួលបានការវិនិយោគលើកាស៊ីណូដ៏សំខាន់។

ជាក់ស្ដែងកាស៊ីណូនៅក្រុងព្រះសីហនុមានចំនូនទៅដល់៨៨កន្លែង ប្រហែលទៅនឹង៦០% នៃចំនួនសរុបកាស៊ីណូនៅកម្ពុជា លើសពីនេះទៅទៀតកាស៊ីណូក្នុងក្រុងព្រះសីហនុ មានការរីកចម្រើនយ៉ាងខ្លាំងដោយមើលឃើញថា សំណង់យ៉ាងច្រើនបានលេចឡើងជាបន្តបន្ទាប់គ្នាមិនថាតែកាស៊ីណូនោះទេ គឺនៅមានសណ្ឋាគារ អគារការិយាល័យ ខុនដូ ភោជនីយដ្ឋាន និងសំណង់ផ្ទះល្វែងជាច្រើនទៀតបានលេចឡើង៕