អ្នកធ្វើដំណើរភ្នំពេញសៀមរាបនឹងបានផ្លូវរថភ្លើងថ្មីមួយសម្រាប់ធ្វើដំណើរ ខណៈបច្ចុប្បន្នរដ្ឋាភិបាលកំពុងសិក្សារ
នៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាមួយគណៈប្រតិភូក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវដែកចិន (CRCC) ដែលដឹកនាំដោយលោក Wang Wenzhong ជាអនុប្រធានក្រុមហ៊ុន នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួងសាធារណៈការ និងដឹកជញ្ជូន។
ជំនួបខាងលើនេះធ្វើឡើងដើម្បីសិក្សាគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវដែកកម្ពុជា ដែលមានស្រាប់ (ភ្នំពេញ-ក្រុងព្រះសីហនុ និងភ្នំពេញ-ប៉ោយប៉ែត) សិក្សាផ្លូវរថភ្លើងលើអាកាសដឹកអ្នកដំណើរធុនស្រាល (Monorail) និងរថភ្លើងក្រោមដី (Subway) នៅរាជធានីភ្នំពេញ ហើយរាយការណ៍ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណត់សម្រេចជ្រើសរើសយកប្រព័ន្ធដឹកជញ្ជូនណាមួយ ដែលមានប្រសិទ្ធភាពបំផុត អាចកាត់បន្ថយនូវការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។
ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានស្នើឱ្យក្រុមហ៊ុន CRCC សិក្សាផ្លូវដែកបន្តពីក្រុងសិរីសោភណ្ឌ មកខេត្តសៀមរាប ដែលមានប្រវែងសរុបប្រមាណ ១០០គីឡូម៉ែត្រ ដោយហេតុថា មានទេស ចរណ៍យ៉ាងច្រើន ចង់ធ្វើដំណើរតាមរថភ្លើង ពីទីក្រុងបាងកក ពីទីក្រុងកូឡាឡាំពួរ និងពីទីក្រុងសឹង្ហបុរី មកលេងប្រាសាទអង្គរវត្ត។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវដែកចិន (CRCC) គឺជាសហគ្រាសសំណង់ គ្រប់គ្រងដោយរដ្ឋ ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ប្រទេសចិន និងជាក្រុមហ៊ុនសំណង់ និង វិស្វកម្មធំបំផុតទីពីរ នៅលើពិភពលោក៕