ពិតជាអស្ចារ្យមែន ! ជប៉ុនដាក់ការសាកល្បងរថភ្លើងល្បឿនលឿនបំផុត ចម្ងាយ៤០០គីឡូម៉ែត្រក្នុងមួយម៉ោង
សារព័ត៌មាន CNN កាលពីម្សិលមិញនេះបានចុះផ្សាយថា ជប៉ុនបានចាប់ផ្តើមធ្វើតេស្តសាកល្បងរថភ្លើងល្បឿនលឿនបំផុតរបស់ខ្លួន អាចរត់ដល់៤០០គីឡូម៉ែត្រក្នុងមួយម៉ោង ធ្វើឲ្យការដឹកជញ្ជូនឈានទៅរកគុណភាពខ្ពស់មួយកម្រិតទៀត។
រថភ្លើងនេះត្រូវបានគេហៅថា ALFA-X ដែលគ្រោងនឹងដាក់ឲ្យដំណើរការពេញលេញនៅឆ្នាំ២០៣០ ដែលរំពឹងថានឹងរត់ជាមធ្យម៣៦០គីឡូម៉ែត្រក្នុងមួយម៉ោង ធ្វើឲ្យរថភ្លើងនេះក្លាយជារថភ្លើងដែលលឿនបំផុតលើពិភពលោក។ ALFA-X របស់ជប៉ុននេះជារថភ្លើងដែលស្រដៀងគ្នានឹងរថភ្លើង Fuxing របស់ចិន ខណៈដែលចិននិងជប៉ុនអាចអភិវឌ្ឍន៍រថភ្លើងដែលរត់ក្នុងល្បឿនលឿនបំផុតប្រហាក់ប្រហែលគ្នា។ រថភ្លើងល្បឿនលឿននេះនឹងត្រូវធ្វើតេស្តពីខ្សែរថភ្លើងទីក្រុង Sendai ទៅកាន់ Aomori ដែលមានចម្ងាយ២៨០គីឡូម៉ែត្រ ហើយការធ្វើតេស្តនេះនឹងធ្វើឡើងនៅពាក់កណ្តាលយប់ ប្រមាណជាពីរបីដងក្នុងមួយសប្តាហ៍។
មុនពេលដែលធ្វើតេស្តរថភ្លើង ALFA-X នេះ ជប៉ុនក៏បានធ្វើតេស្តរថភ្លើងល្បឿនលឿនមួយប្រភេទទៀត កាលពីឆ្នាំមុនដែលត្រូវបានគេហៅថា N700S។ រថភ្លើងល្បឿនលឿននេះនឹងដាក់ដំណើរការផ្លូវការនៅឆ្នាំ២០២០ ជាមួយល្បឿនលឿនបំផុត៣០០គីឡូម៉ែត្រក្នុងមួយម៉ោង។
គួរបញ្ជាក់ថា រថភ្លើងល្បឿនលឿនទាំងនេះរៀបចំឡើងក្នុងគោលបំណងចាំទទួលភ្ញៀវ ដែលចូលរួមកម្មវិធីហ្គេមអូឡាំពិកនៅទីក្រុងតូក្យូឆ្នាំ២០២០ ខាងមុខ៕