Elon Musk ៖ នៅប៉ុន្មាន​ឆ្នាំខាងមុខ​ បច្ចេកវិទ្យាថ្មីរថយន្ត​តាក់ស៊ី​គ្មាន​មនុស្ស​បើក​នឹងដំណើរការជាង​១លានគ្រឿង

គ្រប់គ្នាប្រាកដជាស្គាល់ហើយពីមហាសេដ្ឋី​សល់លុយពាន់លានដុល្លារ Elon Musk ដែល​ជា​មនុស្សដែលមានទ្សនៈវិស័យ​​ប្លែកជាង​គេ ហើយមើលឃើញឆ្ងាយ ដោយកាលពីខែ​មេសាកន្លង​ទៅ គាត់បានលើកឡើង​ពីគម្រោង​របស់ Tesla ថានឹង​មាន​ឡាន​ Tesla ដែលអាច​បើ​កដោយខ្លួនឯង​១លានគ្រឿង​នៅលើផ្លូវ​នាឆ្នាំ២០២០ខាង​មុខនេះ។

ចំពោះការលើកឡើង​នេះ ក៏លេចចេញជាមតិ​រិះគន់មិនចេះតិច​មកលើ​ Elon ផងដែរ ជាពិសេស​ចេញពីមាត់របស់អ្នកជំនាញខាង​ AI ឬបញ្ញាសុប្បនិម្មិត​នេះតែម្ដង ដោយបាននិយាយថាអ្វី​ដែល Elon លើកឡើង​នេះហាក់ដូចជាលើស​ពេក ពោលគឺ Tesla មិនអាច​មានរថយន្ត​បើកបរដោយខ្លួនឯង​បាន​រហូតដល់ទៅ១លានគ្រឿង ​ត្រឹម​ពេល​តែមួយឆ្នាំទៀត​នោះទេ។

ខាង​ក្រុមអ្នកជំនាញខាង AI បានលើកថា Elon ត្រូវ​ការ​ពេលច្រើនទៀត​ដើម្បី​បង្វឹក​ AI ដែលអាច​បើកបរ​ថយន្ត​ឆ្លាតវៃបើកដោយខ្លួនឯង​នោះបាន ហើយឆ្នាំក្រោយ​នេះអាចបានត្រឹមតែមុខងារ Autopilot បន្តិច​បន្តួច​ប៉ុណ្ណោះ។ ជាមួយគ្នានេះផងដែរ ខាង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗដ៏ទៃទៀត​ដូចជា Google, Uber ជាដើម​សុទ្ធតែបានធ្វើការ​ស្រាវជ្រាវ​រថយន្ត ​ដែលអាច​បើកបរ​ដោយខ្លួនឯង​នេះអស់រយៈ​ពេល​ច្រើនឆ្នាំមកហើយ នៅមិនទាន់បានដាក់ដំណើរ​ការ​នៅលើដង​វិថីបានស្រួលបួលផង។

នៅមាន​រឿង​ដែលបង្អាក់​នូវ​ពាក្យ​របស់ Elon ទៀត​នោះ គឺច្បាប់រដ្ឋរបស់សហរដ្ឋអាមេរិក ដែល Tesla ត្រូវធ្វើការ​សុំច្បាប់​ឱ្យបាន​ត្រឹម​ត្រូវ​សិនមុននឹង​អាច​ឱ្យបច្ចេកវិទ្យា​បើកបរ​ដោយប្រើប្រាស់ AI របស់ខ្លួន​មាននៅលើដង​ផ្លូវ​បាននោះ យ៉ាង​ណាក៏ដោយ គេក៏មិនអាច​រំពឹង​ខ្ពស់ពី Elon ផងដែរ ដោយកន្លង​មក អ្វីដែលគាត់​និយាយ​គាត់ធ្វើមិនទាន់ពេលវេលា​ជាច្រើនលើក ប៉ុន្តែ​គាត់នៅតែធ្វើបាន​នូវ​អ្វីដែលគាត់និយាយ គ្រាន់តែ​ប្រើប្រាស់​រយៈពេលយូរ និង​យឺត​។

គូសបញ្ជាក់ថា Tesla អាច​នឹង​សម្រេច​បាន​នូវបច្ចេកវិទ្យា​រថយន្ត​បើកបរ​ដោយស្វ័យប្រវត្តិនៅលើដង​ផ្លូវ​មុនក្រុមហ៊ុនដ៏ទៃទៀត​ ដោយហេតុ​តែ Tesla ប្រើប្រាស់​បច្ចេកវិទ្យា​ខុសពីគេ សូម្បីតែបន្ទះឈីបក៏ Tesla ផលិត​ខ្លួនឯងដែរ៕