រៀនចប់បរិញ្ញាប័ត្រ៤ឆ្នាំ មិនប្រាកដថាអ្នកអាចចាប់អាជីពជាអ្នកសរសេរកូដបានទេ នេះបើតាមលោក CEO Apple
រៀន៤ឆ្នាំ ឬមិន៤ឆ្នាំ មិនមែនជារឿងធំដែលអ្នកត្រូវបារម្ភទេ សំខាន់គុណភាពចំណេះដឹងរបស់អ្នកមានប៉ុណ្ណា មិនប្រាកដថារៀនបរិញ្ញបត្រ៤ឆ្នាំ អាចឲ្យអ្នកក្លាយជាអ្នកសរសេរកូដពូកែទេ នេះបើតាមការលើកឡើងរបស់លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុនApple។
ក្នុងឱកាសទៅមើល Apple Store នៅរដ្ឋ Florida និងជួបជាមួយក្មេងប្រុសអាយុ១៦ឆ្នាំម្នាក់ឈ្មោះ Liam Rosenfeld ជាអ្នកសរសេរកូដវ័យក្មេង បានឈ្នះការប្រកួតប្រជែង ដើម្បីចូលរួមកម្មវិធីប្រចាំឆ្នាំរបស់ Apple ហៅថា WWDC នាខែក្រោយនេះ លោក Cook លើកឡើងថា “ខ្ញុំមិនគិតថារៀនបរិញ្ញាប័ត្រ៤ឆ្នាំ សុទ្ធតែមានប្រយោជន៍ចំពោះជំនាញសរសេរកូដទេ ខ្ញុំគិតថាធ្វើអញ្ចឹងវាហាក់ដូចជាបុរាណពេកហើយ” “អ្វីដែលយើងត្រូវផ្លាស់ប្តូរនោះ គឺក្មេងៗគួររៀនសរសេរកូដតាំងពីនៅថ្នាក់តូចៗម្លេះ ហើយចាប់ផ្តើមរៀនដោះស្រាយបញ្ហាលំបាកៗនៅថ្នាក់វិទ្យាល័យ ជាក់ស្តែងដូចក្មេងប្រុស Liam អញ្ចឹងដែរ ពេលនេះគាត់អាចបង្កើត App មួយដាក់ចូលទៅក្នុង App Store”។
ជាមួយគ្នានេះលោក Cook ក៏បានបង្ហើបថា នៅក្នុងអាជីវកម្មជំនាន់ក្រោយៗនេះ គេនឹងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដូចជា Machine learning និង AR ជាដើម។ “ក្រុមហ៊ុនសព្វថ្ងៃនេះហាក់ដូចប្រើបច្ចេកវិទ្យាចាស់ៗដដែលៗ ដូចនេះក្មេងៗដែលធ្វើការផ្នែកបច្ចេកវិទ្យាជំនាន់ក្រោយគួរតែរៀនផ្លាស់ប្តូរវា”។
លោក Cook បន្ថែមថា កន្លែងធ្វើការសព្វថ្ងៃនេះមិនបានផ្តោតលើអ្វី ដែលហៅថាការផ្លាស់ប្តូរទេ គេមិនបានគិតពី Machine Leaning គេមិនបានគិតពី AR ទេ អ្វីដែលក្រុមហ៊ុនសព្វថ្ងៃធ្វើគឺបង្ខំឲ្យបុគ្គលិកអង្គុយនៅតែការិយាល័យ ដូចនេះក្មេងៗដែលទើបបញ្ចប់ថ្នាក់វិទ្យាល័យ ទោះបីពួកគេមានសមត្ថភាពក៏ពិបាកនឹងទទួលបានឱកាសបញ្ចេញសមត្ថភាពដែរ នេះគេមិនហៅថារបៀបធ្វើការងារទំនើបទេ៕