ដឹកនាំក្រុមការងារសប្បុរសធម៌នាំយកអំណោយជាច្រើនជួយខណ្ឌកំបូល ដោយលះបង់

ភ្នំពេញ៖ ពិតជាអស្ចារ្យមែនសម្រាប់ទឹកចិត្តសប្បុរសធម៌មួយនេះ ដើម្បីប្រជាពលរដ្ឋនិងអាជ្ងាធរខណ្ឌកំបូល សប្បុរសជនមួយក្រុមហ៊ានរឿងនេះ ដោយលះបង់ទាំងកម្លាំងកាយចិត្ត ដោយបានចុះជួយនិងផ្តល់អំណោយជាថ្នាំពេទ្យសម្រាប់ប្រជាជនក្នុងទឹកដីនេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលកូវិដ១៩។

មានក្រុមហ៊ុនទឹកកកអនាម័យធំជាងគេមួយនៅកម្ពុជាដែលមានឈ្មោះថា Chamatharn Co, Ltd. ផលិតទឹកកក EVA Premium Ice បានបន្តធ្វើរឿងល្អមួយរបស់ខ្លួនចុះជួយនិងផ្តល់អំណោយជាថ្នាំពេទ្យសម្រាប់ប្រជាជនក្នុងទឹកដីខណ្ឌកំបូល ។

កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ថ្នាក់ដឹកនាំក្រុមហ៊ុន Chamatharn Co, Ltd. ដែលមានផលិតទឹកកកអនាម័យ EVA Premium Ice អមដំណើរថ្នាក់ដឹកនាំជាច្រើនរូបនៃស្ថានីយទូរទស្សន៍លេខ៥ បានចុះជួបផ្ទាល់សុខទុក្ខទៅកាន់រដ្ឋបាលសាលាខណ្ឌកំបូល ដោយបានជួបផ្ទាល់លោក ឃឹម ស៊ុនសូដា ដើម្បីលើកទឹកចិត្តដល់អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងខណ្ឌនេះ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវិដ១៩ ។

លោក Apichart Duang-Art អគ្គនាយកក្រុមហ៊ុន Chamatharn Co, Ltd. (EVA Premium Ice) បានដឹកនាំក្រុមការងារជាច្រើនរូប ដោយបាននាំយកអំណោយជាច្រើន ទៅជួបផ្ទាល់ អភិបាលខណ្ឌកំបូលលោក ឃឹម ស៊ុនសូដា ដើម្បីធ្វើការថ្លែងអំណរគុណ ដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខណ្ឌនេះបានខិតខំប្រឹងការងារកន្លងមក ជាពិសេសបានឈ្នះនឹងវិបត្តិកូវិដ១៩ ហើយក៏កំពុងបន្តការងារនេះទៀត ដើម្បីឈានដល់ការបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈបានផងដែរ។

លោក Apichart Duang-Art បានបញ្ជាក់ថា ថ្ងៃនេះលោកនេះរួមគ្នាជាមួយក្រុមហ៊ុន Chamatharn Co, Ltd. ទឹកកកអនាម័យ EVA Premium Ice បាននាំយកអំណោយថ្នាំពេទ្យជាច្រើនប្រអប់ ដោយសរុបប្រមាណ១០កេះធំ មាន៨០០កញ្ចប់តូចៗ ដែលជាថ្នាំពេទ្យកម្រិតបឋមមានដូចជា ថ្នាំទឹក CISTEINE សេរ៉ូព្យាបាលអាការៈក្អក, ថ្នាំលេប SARA បំបាតអាការៈគ្រុនក្តៅនិងភាពឈឺចាប់, និងគ្រីមលាប DERMAHEU បំបាត់រោគអាឡែកស៊ី រមាស ស្រែង តាអក ទឹកស៊ីជើងតាមស្បែក ដោយថ្នាំទាំងបីមុខដើម្បីជួយសម្រួលដល់អាជ្ញាធរ ឬ សម្រាប់ប្រជាពលរដ្ឋមានការខ្វះខាត ក្នុងខណ្ឌកំបូល និងស្របពេលការពារការរីករាលដាលជំងឺកូវិដ១៩ ។

ជាមួយគ្នានោះ ក្រុមហ៊ុន Chamatharn Co, Ltd. (EVA Premium Ice) ក៏បាននាំយកអំណោយជាធុងទឹកកកសម្រាប់ទុកដាក់ភេសជ្ជៈ សម្រាប់ទុកជូនដល់រដ្ឋបាលខណ្ឌកំបូល ដើម្បីទុកប្រើប្រាស់ក្នុងបំពេញភារកិច្ចផងដែរ។ លោកក៏បានជូនពរដល់អភិបាលខណ្ឌកំបូលលោក ឃឹម ស៊ុនសូដា ព្រមទាំងមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់របស់រដ្ឋបាលកំបូល ទាំងអស់ទទួលជោគជ័យគ្រប់ភារកិច្ច និងជាពិសេសយកឈ្នះជំងឺកូវិដ១៩ ដើម្បីប្រទេសកម្ពុជាមានសុខសន្តិភាព គ្មានជំងឺកូវិដ១៩ ។

អភិបាលខណ្ឌកំបូលលោក ឃឹម ស៊ុនសូដា ចេញមកជួបផ្ទាល់ដោយធ្វើថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុន Chamatharn Co, Ltd. (EVA Premium Ice) និងថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍លេខ៥ ដែលបានចុះមកដោយផ្ទាល់ សួរសុខទុក្ខ និងជាពិសេសនាំយកអំំណោយថ្នាំពេទ្យយ៉ាងច្រើន ជូនដល់រដ្ឋបាលសាលាខណ្ឌកំបូល ដើម្បីធ្វើការចែកចាយទៅកាន់ប្រជាពលរដ្ឋនិងមន្ត្រីមូលដ្ឋាន កំពុងមានតម្រូវការចំបាច់ ហើយថ្នាំទាំងអស់នេះក៏អាចប្រើប្រាស់ ជូនដល់អ្នកកំពុងចត្តឡីស័កពីការរីករាលជំងឺកូវិដ១៩ផងដែរ៕