ភ្នំពេញ៖ ទឹកចិត្តថ្លាថ្លៃដែលមិនអាចវាស់វែងបានពី សប្បុរសជនមួយក្រុមមិនខ្លាចឆ្លងជំងឺកូវិដ១៩ហ៊ានប្រថុយទាំងជីវិតដើម្បីការងារសង្គម តែភ្ជាប់ខ្លួនបីការពារបីកុំដោយ សប្បុរសជនមួយក្រុមនេះលះបង់កម្លាំងកាយចិត្តផ្តល់អំណោយថ្នាំពេទ្យកម្រិតបឋមជួយខណ្ឌពោធិ៍សែនជ័យកំពុងផ្ទុះកូវិដ១៩។
មានក្រុមហ៊ុនទឹកកកអនាម័យធំជាងគេមួយនៅកម្ពុជាដែលមានឈ្មោះថា Chamatharn Co, Ltd. ផលិតទឹកកក EVA Premium Ice បានបន្តធ្វើរឿងល្អមួយរបស់ខ្លួនចុះជួយនិងផ្តល់អំណោយជាថ្នាំពេទ្យសម្រាប់ប្រជាជនក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ។
កាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ថ្នាក់ដឹកនាំក្រុមហ៊ុន Chamatharn Co, Ltd. ដែលមានផលិតទឹកកកអនាម័យ EVA Premium Ice អមដំណើរថ្នាក់ដឹកនាំជាច្រើនរូបនៃស្ថានីយទូរទស្សន៍លេខ៥ បានចុះជួបផ្ទាល់សុខទុក្ខទៅកាន់មន្ត្រីរដ្ឋបាលសាលាខណ្ឌពោធិ៍សែនជ័យនិងផ្តាំផ្ញើរសួរទុក្ខទៅកាន់លោកអភិបាល លោក ហែម ដារិទ្ធ ដែលបានជាសះស្បើយពីកូវិដ១៩ ខណៈអំណោយនេះដើម្បីលើកទឹកចិត្តដល់អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងខណ្ឌនេះ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវិដ១៩ ។
លោក Apichart Duang-Art អគ្គនាយកក្រុមហ៊ុន Chamatharn Co, Ltd. (EVA Premium Ice) បានដឹកនាំក្រុមការងារជាច្រើនរូប ដោយបាននាំយកអំណោយជាច្រើន ទៅជួបផ្ទាល់ រដ្ឋបាលសាលាខណ្ឌពោធិ៍សែន ដើម្បីធ្វើការថ្លែងអំណរគុណ ដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខណ្ឌនេះ បានខិតខំប្រឹងការងារកន្លងមក ជាពិសេសបានឈ្នះនឹងវិបត្តិកូវិដ១៩ ហើយក៏កំពុងបន្តការងារនេះទៀត ដើម្បីឈានដល់ការបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈបានផងដែរ។
លោក Apichart Duang-Art បានបញ្ជាក់ថា ថ្ងៃនេះលោកនេះរួមគ្នាជាមួយក្រុមហ៊ុន Chamatharn Co, Ltd. ទឹកកកអនាម័យ EVA Premium Ice បាននាំយកអំណោយថ្នាំពេទ្យជាច្រើនប្រអប់ ដោយសរុបប្រមាណ១០កេះធំ មាន៨០០កញ្ចប់តូចៗ ដែលជាថ្នាំពេទ្យកម្រិតបឋមមានដូចជាថ្នាំទឹក CISTEINE សេរ៉ូព្យាបាលអាការៈក្អក, ថ្នាំលេប SARA បំបាតអាការៈគ្រុនក្តៅនិងភាពឈឺចាប់, និងគ្រីមលាប DERMAHEU បំបាត់រោគអាឡែកស៊ី រមាស ស្រែង តាអក ទឹកស៊ីជើងតាមស្បែក ដោយថ្នាំទាំងបីមុខដើម្បីជួយសម្រួលដល់អាជ្ញាធរ ឬ សម្រាប់ប្រជាពលរដ្ឋមានការខ្វះខាត ក្នុងខណ្ឌពោធិ៍សែនជ័យ និង ស្របពេលការពារការរីករាលដាលជំងឺកូវិដ១៩ ។
ជាមួយគ្នានោះ ក្រុមហ៊ុន Chamatharn Co, Ltd. (EVA Premium Ice) ក៏បាននាំយកអំណោយជាធុងទឹកកកសម្រាប់ទុកដាក់ភេសជ្ជៈ សម្រាប់ទុកជូនដល់រដ្ឋបាលខណ្ឌពោធិ៍សែន ដើម្បីទុកប្រើប្រាស់ក្នុងបំពេញភារកិច្ចផងដែរ។ លោកក៏បានជូនពរដល់ លោកអភិបាល លោក ហែម ដារិទ្ធ ព្រមទាំងមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់របស់រដ្ឋបាលសាលាខណ្ឌពោធិ៍សែនជ័យទាំងអស់ទទួលជោគជ័យគ្រប់ភារកិច្ច និងជាពិសេសយកឈ្នះជំងឺកូវិដ១៩ ដើម្បីប្រទេសកម្ពុជាមានសុខសន្តិភាព គ្មានជំងឺកូវិដ១៩ ៕