វិធានការបន្ថែមដើម្បីជួយកាត់បន្ថយការឆ្លងវីរុសកូវីដ១៩ និងវីរុសបំប្លែងថ្មី B.1.617.2!

ដោយសារការរីករាលដាលនៃវីរុសកូវីដ១៩ និងវីរុសបំប្លែងថ្មី B.1.617.2 វៃលុកក្នុងព្រះរាជាណាចក្រកម្ពុជាយើង លោកជំទាវ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានបង្ហាញពីវិធីសាស្រ្តក្នុងការការពារខ្លួនពីការឆ្លងកូវីដ១៩ដែលងាយស្រួលក្នុងការអនុវត្តតែមានប្រសិទ្ធភាពខ្ពស់ នោះគឺ ប្រសិនបើបងប្អូនត្រូវទៅទីតាំងទីប្រជុំជនដូចជាផ្សារឬទីតាំងសាធារណៈផ្សេងៗទៀត គឺបងប្អូនអាចទៅបានមែនមិនមែនមិនឱ្យទៅនោះទេ ប៉ុន្តែសូមបងប្អូនរកនឹកពីផ្ទះឱ្យរួចសិនថា បើបងប្អូនទៅផ្ទះត្រូវការទិញអ្វីខ្លះ ហើយពេលទៅដល់គឺទិញយកហើយប្រញាប់ត្រលប់មកផ្ទះវិញ 

“ការធ្វើបែបនេះនឹងជួយកាត់បន្ថយការឆ្លងបាន ក្រោម១៥នាទីវីរុសមិនអាចឆ្លងមកខ្លួនយើងបានភ្លាមទេ ដូចនេះបើខានមិនបានត្រូវចេញក្រៅ ពីមួយកន្លែងទៅមួយកន្លែងសូមទៅកុំឱ្យលើស១៥នាទី”។ 

ប៉ុន្តែគួរបញ្ជាក់ផងដែរថា លោកជំទាវក៏បានបញ្ជាក់ជាថ្មីម្តងទៀតថាវិធានការ៣កុំ៣ការពាររបស់ថ្នាក់ដឹកនាំជាន់ខ្ពស់គឺជាវិធានការដែលមានប្រសិទ្ធភាពបំផុតក្នុងការកាត់ផ្តាច់ និងការពារការឆ្លងវីរុសកូវីដ១៩ ប៉ុន្តែបញ្ហានៅត្រង់ថាប្រជាជនខ្វះការអនុវត្តឱ្យបានត្រឹមត្រូវជាពិសេសទៅលើ៣កុំ ដោយសារតែពេលនេះវីរុសកូវីដ១៩ និងវីរុសបំប្លែងថ្មីដែលកំពុងតែជាទីព្រួយបារម្ភ ដូច្នេះសូមឱ្យបងប្អូននិងអាជ្ញាធរអនុវត្តឡើងវិញ នូវ៣កុំ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន។

ប្រភព៖ healthy-Cambodia