តំបន់អាស៊ីជាមជ្ឈមណ្ឌលសម្រាប់ការវិនិយោគធំបំផុត ដែលសំបូរទៅដោយមហាសេដ្ឋីមកវិនិយោគច្រើនបំផុត
ក្នុងនាមជាតំបន់ ដែលកំពុងមានសក្ដានុពលសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស តំបន់អាស៊ីត្រូវបានគេព្យាករណ៍ថា នឹងក្លាយជាតំបន់មួយនឹងមានមហាសេដ្ឋីចំណូលថ្មីកាន់តែច្រើនឡើងនៅពេលអនាគត ខណៈនៅពេលបច្ចុប្បន្ន លោក Masayoshi Son លោក Mukesh Ambani លោក Jack Ma លោក Ma Huateng និងបុគ្គលល្បីៗជាច្រើនទៀតបានក្លាយជាមហាសេដ្ឋីស្រាប់រួចទៅហើយចេញពីតំបន់នេះ។
យោងតាមរបាយការណ៍ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន Knight Frank (Knight Frank’s Wealth Report) បានឱ្យដឹងថា អាស៊ីគឺជាមជ្ឈមណ្ឌលដ៏ធំបំផុតសម្រាប់មហាសេដ្ឋីដែលចំនួននេះនឹងកើនជាង១,០០០នាក់ នៅក្នុងឆ្នាំ ២០២៣ខាងមុខ។ របាយការណ៍នេះបានបញ្ជាក់ថា មហាសេដ្ឋីអាស៊ីបច្ចុប្បន្នមានចំនួនស្មើនឹង១ភាគ៣ នៃមហាសេដ្ឋីសរុប២,៦៩៦នាក់។
របាយការណ៍នេះបានបង្ហាញទៀតថា ឥណ្ឌានឹងមានអត្រាកំណើនមហាសេដ្ឋីខ្ពស់ក្នុងរយៈពេលប្រាំឆ្នាំខាងមុខដោយកំណើននេះនឹងកើនឡើងស្មើនឹង៣៩% បន្ទាប់មកគឺហ្វីលីពីន៣៨% និងចិន៣៥%។ ក្នុងចំណោមប្រទេស ៥៩ និងតំបន់ផ្សេងៗទៀត ដែលក្រុមហ៊ុននេះបានស្រាវជ្រាវបានឲ្យដឹងថា ប្រទេសទាំង១០ ដែលនឹងជាប់ចំណាត់ថ្នាក់កំពូលមានមហាសេដ្ឋីច្រើនជាងគេបំផុតក្នុងលោក នឹងមាន៨មកពីតំបន់អាស៊ី។
បើយោងតាមការលើកឡើងរបស់លោក Oliver Williams ដែលជាប្រធានស្រាវជ្រាវរបស់ក្រុមហ៊ុន GlobalData WealthInsight បានឲ្យដឹងថា មូលហេតុសំខាន់ដែលធ្វើឲ្យមហាសេដ្ឋី និងសេដ្ឋីក្នុងលោកកាន់តែមានៗឡើង គឺដោយសារតែការទំនាក់ទំនងរវាងសហគ្រិនភាព និងការបង្កើតទ្រព្យ។
លោកបន្តថា ការរកស៊ីនៅលើទីផ្សារភាគហ៊ុន វិស័យអចលនទ្រព្យ និងការវិនិយោគលើវិស័យគ្រឿងបរិក្ខារទំនើបៗ គឺជាមូលហេតុនៃការជួយកសាងដល់ទ្រព្យសម្បត្តិច្រើនមហាសាលដល់មហាសេដ្ឋីទាំងនេះ៕