ទីតាំងឆ្នេរសមុទ្រដ៏សែនស្រស់ស្អាតមួយនៅប្រទេសថៃ ត្រូវបានផ្អាកការចូលលេងកម្សាន្តរហូតដល់ឆ្នាំ២០២១
Maya Bay គឺជាតំបន់ឆ្នេរដែលល្បីល្បាញមួយក្នុងប្រទេសថៃនៅក្នុងរឿង The Beach សម្ដែងដោយ Leonardo DiCaprio (តួឯកប្រុសក្នុងរឿងកាប៉ាល់ Titanic) ដែលធ្វើឱ្យតំបន់ឆ្នេរមួយនេះ កាន់តែទាក់ទាញភ្ញៀវទេសចរណ៍ច្រើនឡើងៗ ប៉ុន្តែមកដល់ពេលនេះ ឆ្នេរ Maya Bay ត្រូវបានផ្អាកភ្ញៀវទេសចរណ៍ មិនឱ្យមកកំសាន្ដដោយសារបញ្ហាបរិស្ថាន។
បើតាមរយៈលោក ថុនត្រាមរ៉ុង ណាវវ៉ាត ជាទីប្រឹក្សានាយកដ្ឋានឧទ្យានជាតិបានប្រាប់ AFP កាលពីថ្ងៃព្រហស្បតិ៍ថាការហាមឃាត់លើអ្នកទស្សនានឹងត្រូវបានពន្យាររហូតដល់ពាក់កណ្តាលឆ្នាំ២០២១។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានប្រទេសថៃ បានឱ្យដឹងឆ្នេរសមុទ្រដ៏ល្បីល្បាញមួយនេះ បានទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្តយ៉ាងច្រើនរហូតដល់៣៨លាននាក់ ប៉ុន្តែការបំផ្លាញបរិស្ថាន និងធម្មជាតិក៏មានច្រើនផងដែរ បើទោះជាក្រុមអភិរក្សបានកំណត់ចំនួនភ្ញៀវទេសចរណ៍ត្រឹមតែ៥,០០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃក៏ដោយ។
បើតាមការស្រាវជ្រាវរបស់ សាស្ត្រាចារ្យនៅមហាវិទ្យាល័យ Kasetsart University បានបង្ហាញថា ៨០% នៃផ្កាថ្ម ធនធានក្នុងសមុទ្រ និងអេកូឡូស៊ី នៃតំបន់នោះត្រូវបានបំផ្លាញ ដោយសារការកើនឡើងនៃភ្ញៀវទេសចរណ៍ និងសណ្ឋាគារនៅទីនោះ ដែលជាហេតុធ្វើឲ្យគេសម្រេចចិត្តផ្អាកទេសចរណ៍តំបន់នោះមួយរយៈ។
គួរជម្រាបផងដែរថា ឆ្នេរ Maya Bay ដែលស្ថិតនៅលើកោះ Phi Phi Leh ត្រូវបានហ៊ុមព័ទ្ធដោយភ្នំជាថ្មកំបោរ ធ្វើឲ្យទឹកសមុទ្រថ្លាស្អាតខៀវស្រងាត់ អបជាមួយឆ្នេរខ្សាច់សម៉ត់ សម្រាប់ភ្ញៀវទេសចរណ៍កំសាន្ដ ហើយវាក៏ត្រូវបានរដ្ឋាភិបាលប្រទេសថៃដាក់ចូលជាឧស្យាន្ដជាតិរបស់ប្រទេសផងដែរ៕