មិនធម្មតាមែន ! គ្រាន់តែធនាគាអេស៊ីលីដាបានវិនិយោគនៅមីយ៉ាន់ម៉ាចំនួន៦ឆ្នាំ បានបើកសាខាដល់ទៅ១២កន្លែង
ធនាគារអេស៊ីលីដា ជាធនាគារក្នុងស្រុកដ៏ធំជាងគេមួយនៅកម្ពុជា។ បន្ទាប់ពីមានការរីកចម្រើននិងពង្រីកសាខាបានជាច្រើនកន្លែងនៅទូទាំងប្រទេសរួចមក។ ធនាគារអេស៊ីលីដាបានបោះទុន ១០ លានដុល្លារវិនិយោគក្នុងប្រទេសមីយ៉ានម៉ា ដែលបង្កើតជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេស៊ីលីដា កាលពីឆ្នាំ២០១៣។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេស៊ីលីដានៅមីយ៉ាន់ម៉ានេះ បានវិនិយោគដំបូងក្នុងទំហំទឹកប្រាក់ដើមទុន១០លានដុល្លារ។ ហើយបច្ចុប្បន្នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេស៊ីលីដា បានពង្រីកខ្លួនបាន១២សាខាហើយរួមទាំងការិយាល័យកណ្ដាលនិងមានបុគ្គលិកជាង២០០នាក់កំពុងបម្រើការ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអេស៊ីលីដានៅកម្ពុជា។
ក្នុងរយៈពេល៦ឆ្នាំ ដែលធនាគារអេស៊ីលីដាវិនិយោគបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅមីយ៉ាន់ម៉ា គឺមានការរីកចម្រើនខ្លាំង។ ទន្ទឹមនឹងការរីកចម្រើននេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា ទទួលបានប្រាក់ចំណេញសុទ្ធកាលពីឆ្នាំ២០១៨ មានចំនួនជាង២,២លានដុល្លារ។ ទំហំនេះដែលគឺបញ្ជាក់ថាមានការកើនឡើងប្រមាណ៧០ភាគរយ បើធៀបទៅនឹងប្រាក់ចំណេញសុទ្ធកាលពីឆ្នាំ២០១៧ ដែលមានចំនួនត្រឹមតែ១,២លានដុល្លារ។ ក្នុងនោះបើធ្វើការប្រៀបធៀបក្នុងឆ្នាំ២០១៨ ទៅនឹងឆ្នាំ២០១៧ ទំហំប្រាក់កម្ចីបានកើនឡើងរហូតដល់ជាង៥៧% ពីជាង១៥លានដុល្លារទៅជាង២៤លានដុល្លារជាមួយអ្នកខ្ចីប្រាក់បានកើនឡើងដល់៦,៨ម៉ឺននាក់។
ស្របពេលជាមួយគ្នានេះដែរ ទំហំប្រាក់បញ្ញើ បានកើនឡើងខ្លាំងរហូតដល់ ២១៥% ពីចំនួនទឹកប្រាក់បញ្ញើ៧៤ម៉ឺនដុល្លារកើនដល់ជាង២លានដុល្លារជាមួយនិងអតិថិជនដាក់ប្រាក់បញ្ចើកើនដល់ជិត១លាននាក់។ នេះយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេស៊ីលីដានៅប្រទេសមីយ៉ាន់ម៉ា៕