ការអភិវឌ្ឍន៍ទីក្រុងកោះពេជ្រជាបន្តទៀត នឹងដាក់ឲ្យមានកន្លែងលក់ទំនិញផ្សេងស្ថិតនៅជុំវិញទីក្រុងតែម្តង
ក្រុមហ៊ុន OCIC នឹងរៀបចំឲ្យមានតំបន់ថ្មើជើង និងកន្លែងលក់ទំនិញនិងអាហារព័ទ្ឋជុំវិញកោះនេះ ដែលមានប្រវែងផ្លូវសរុប ៣៨០០ម៉ែត្រនាពេលអនាគត។
លោកទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា បច្ចុប្បន្នតំបន់កោះពេជ្របានរៀបចំឲ្យមានតំបន់ផ្លូវថ្មើជើង និងកន្លែងកំសាន្ត លក់អាហារចំនួន៣កន្លែងរួចហើយ គឺនៅទីតាំងក្បាលកោះពេជ្រ នៅទីតាំងជាប់ទន្លេតូច ទល់មុខនឹងសណ្ឋាគារនិងកាស៊ីណូណាហ្កាទី១ និងតំបន់នៃគម្រោងឡាសែន ហើយនាពេលឆាប់ៗខាងមុខនេះ នឹងមានការរៀបចំតំបន់ថ្មើជើង នាមាត់ទន្លេបាសាក់នាពេលឆាប់ៗខាងមុខនេះ។
លោកបន្តថា “តាមផែនការមេរបស់ទីក្រុងនេះ យើងនឹងរៀបចំឲ្យមានតំបន់ថ្មើជើងនៅជុំវិញកោះនេះ ប៉ុន្តែយើងមិនអាចបិទកោះនេះ មិនឲ្យមានចរាចរណ៍នោះទេនាពេលអនាគត”។ លោកបន្តថា “រហូតមកទល់ពេលនេះ ទីក្រុងកោះពេជ្រត្រូវបានអភិវឌ្ឍន៍លើផ្ទៃដីអស់ប្រមាណ៥០ភាគរយហើយ ប៉ុន្តែបើគិតផ្ទៃក្រឡាសំណង់ ដែលយើងបានសាងសង់នាពេលនេះ ទើបសម្រេចបានប្រមាណ២៥ភាគរយប៉ុណ្ណោះ”។
លោកទូច សំណាងបានបន្តថា តាមផែនការមេរបស់ទីក្រុងនេះ យើងគ្រោងរៀបចំតំបន់នេះជាមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិ ដោយមានអាគារខ្ពស់់ៗជាច្រើនទៀតនឹងសាងសង់នាពេលអនាគត។លោកបន្តថា គំរោងអាគារកប់ពពកកំពស់៦៩ជាន់ នឹងសាងសង់នាពេលឆាប់ៗខាងមុខនេះ។
នាយិកាក្រុមហ៊ុន Century21 Cambodia អ្នកនាង Grace Rachy Fong បានមានប្រសាសន៍ថា ទីក្រុងកោះពេជ្រ និងតំបន់ជុំវិញនេះ នឹងត្រូវរៀបចំជា Hub មួយនាពេលអនាគត ដោយគំរោងជាច្រើនបានចាប់ផ្តើមនៅតំបន់នេះ ពិសេសវត្តមានអាគារខ្ពស់ៗ និងមជ្ឈមណ្ឌលពាណិជ្ជកម្មនានា នឹងធ្វើឲ្យតំបន់នេះក្លាយជា Landmark មួយនាទីក្រុងភ្នំពេញ។
អ្នកនាងបន្តថា “រយៈពេល៤ទៅ៥ឆ្នាំខាងមុខ តំបន់នេះនឹងមានភាពរសរវើក ហើយវានឹងក្លាយជាបណ្តុំនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ”៕