សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញពិសារអាហារបួសជាមួយបងប្អូនខ្មែរ-ឥស្លាម នៅព្រះវិហារបឹងកក់
ភ្នំពេញ ៖ នាល្ងាចថ្ងៃអាទិត្យ ១៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញពិសារអាហារស្រាយបួស «ខែរ៉ាម៉ាឌន» ជាមួយបងប្អូនខ្មែរ-ឥស្លាម នៅវិហារបឹងកក់ ស្ថិតនៅសង្កាត់បឹងកក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ការជួបជុំពិសារអាហាស្រាយបួស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នៅពេលនេះ ចាប់ផ្តើមតាំងពីឆ្នាំ២០១៤មកម្លេះ។ វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីដ៏សំខាន់របស់ខ្មែរ-ឥស្លាមនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោចំពោះបងប្អូនខ្មែរ-ឥស្លាម ទោះបីជាសម្តេចតេជោជាអ្នកកាន់ព្រះពុទ្ធសាសនាក៏ដោយ។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវសេចក្តីសប្បាយរីករាយក្រៃលែង ដែលបានអញ្ជើញមកជួបជុំជាមួយបងប្អូនខ្មែរ-ឥស្លាមកម្ពុជានាពេលនេះ។ ទន្ទឹមនឹងនោះ បងប្អូនខ្មែរ-ឥស្លាម មានទឹកមុខសប្បាយរីករាយជាខ្លាំងនៅពេលឃើញវត្តមានសម្តេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញមកដល់វិហារបឹងកក់។
កម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង បំផុតចំពោះសុខដុមនីកម្មសាសនា ដើម្បីធានាថាកម្ពុជាមិនមានជំលោះជាតិសាសន៍ និងសាសនាណាមួយកើតឡើងឡើយ។ សុខដុមនីយកម្មនៃជនជាតិ និង សាសនា គឺមានសារៈសំខាន់ណាស់សម្រាប់សង្គមកម្ពុជាបច្ចុប្បន្ន ដើម្បីរស់នៅជាមួយគ្នាប្រកបដោយភាពសុខសាន្ត។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជូនពរបងប្អូនខ្មែរ-ឥស្លាមទូទាំងប្រទេសនៅក្នុងឱកាសបុណ្យស្រាយបួសនេះ សូមជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា សូមព្រះអាឡោះប្រទានពរ ផ្តល់ភាពសុខសាន្ត និងការីកចម្រើនដល់ប្រជាពលរដ្ឋយើងទាំងអស់គ្នា៕