ពលរដ្ឋឈប់បារម្មហើយ ក្រោយសម្តេចតេជោនាយករដ្ឋមន្ត្រី បានសន្យាថា ទីក្រុងភ្នំពេញនឹងលែងខ្វះភ្លើងទៀតហើយ
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រកាសថា នៅឆ្នាំ២០២០ខាងមុខនេះ នៅក្នុងរាជភ្នំពេញ នឹងលែងខ្វះខាតភ្លើងអគ្គិសនីប្រើប្រាស់ដូចឆ្នាំនេះទៀតហើយ ដោយរដ្ឋាភិបាលកម្ពុជាសម្រេចបញ្ជាទិញអគ្គិសនីដើរដោយធ្យូងថ្មមកពីប្រទេសពីរចំនួន៤០០មេហ្គាវ៉ាត់។
សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ប្រមាណ៣,១៦១នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នេះថា រដ្ឋាភិបាលបានអនុម័តរួចហើយនូវការបញ្ជាទិញអគ្គិសនីដើរដោយធ្យូងថ្មពីប្រទេស២ គឺប្រទេសហ្វាំងឡង់ចំនួន២០០មេហ្គាវ៉ាត់ និងអាល្លឺម៉ង២០០មេហ្គាវ៉ាត់ សរុមមានចំនួន៤០០មេហ្គាវ៉ាត់ ដើម្បីផ្គត់ផ្គង់នៅក្នុងរាជធានីភ្នំពេញ។
សម្តេចតេជោមានប្រសាសន៍បន្ថែមថា យើងត្រូវតែរៀបផែនការថ្មីចំពោះវិស័យអគ្គិសនីនៅកម្ពុជា ដើម្បីឆ្លើយតបទៅហ្នឹងការរីកចម្រើនរបស់កម្ពុជា និងការដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងជួបកង្វះខាងអគ្គិសនីប្រើប្រាស់។ ជាមួយគ្នានេះ អគារខ្ពស់ៗនៅរាជធានីភ្នំពេញ បានកើនឡើងច្រើនដោយក្នុងនោះមានអគារមួយអាចប្រើប្រាស់១០ ទៅ ២០គីឡូវ៉ាត់ម៉ោង។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា សម្រាប់ឆ្នាំនេះផងដែរក៏នឹងបើកដំណើរការរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មចំនួន ៣ផ្សេងទៀត ក្នុងនោះរោងចក្រចំនួន១ មានអាចផលិតបាន៧៣គីឡូវ៉ាត់ និងមួយទៀតចំនួន ៣៧០គីឡូវវ៉ាត់ ហើយនឹងដាក់ដំណើរថ្ងៃនេះ មានចំនួន១៣០គីឡូវ៉ាត់។
សម្តេចបញ្ជាក់ទៀតថា ក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន សម្តេចក៏បានជួបចរចាជាមួយនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ ដើម្បីផ្តល់ជំនួយដល់ការលើកកម្ពស់វិស័យអគ្គសនីនៅកម្ពុជាផងដែរ តាមរយៈការបញ្ជាទិញ និងការតបណ្តាញអគ្កីសនីពីប្រទេសឡាវមកផ្គត់ផ្គង់នៅកម្ពុជា៕