ជ្រូកចំនួន២០ក្បាលនាំចូលពីប្រទេសវៀតណាម ខេត្តស្វាយរៀង ត្រូវបានមន្ត្រីពេទ្យសត្វខេត្តបានធ្វើការបង្ក្រាប
ស្វាយរៀង ៖ ក្រុមត្រួតពិនិត្យទប់ស្កាត់ចរាចរសត្វខុសច្បាប់ របស់ការិយាលយ័ផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង បានចេញល្បាតឃាត់រថយន្តដឹកជ្រូកមួយគ្រឿង ដែលមានសត្វជ្រូក២០ក្បាល លួចនាំចូលពីប្រទេសវៀតណាម។ ការបង្ក្រាបរថយន្តដឹកជ្រូកនេះបានធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិអង្គាសដី ឃុំតាសួស ស្រុកស្វាយជ្រំ។
បើតាមមន្ត្រីពេទ្យសត្វ បានថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា មន្ត្រីនៃការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង បានចេញល្បាតស្ទាក់ចាប់រថយន្តម៉ាកសាំងយ៉ុង ចំនួន ១គ្រឿង ស្លាកលេខកំពង់ចាម 2A-4379 ដឹកជ្រូករស់ខុសច្បាប់ពីប្រទេសវៀតណាម នៅចំណុចភូមិឃុំខាងលើ។
សូមបញ្ជាក់ថា ទាក់ទិននឹងករណីលួចនាំជ្រូកចូលនេះ លោកអភិបាលខេត្តស្វាយរៀង ធ្លាប់បានព្រមានមន្ត្រីដែលប្រចាំការនៅតាមច្រកព្រំដែនទាំងអស់ ឱ្យទប់ស្កាត់ឲ្យខាងតែបាន ហើយបើក្នុងការបង្ក្រាប ការនាំចូលសត្វជ្រូករស់ក៏ដូចជាសាច់ជ្រូក ឃើញថា ច្រកណាមួយហ៊ានអនុញ្ញាតឱ្យសត្វជ្រូកចូល ត្រូវតែសម្រេចចិត្តដកចោល ( វះកាត់) ព្រោះនេះគឺជាអភិក្រមទី៥ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន។
បច្ចុប្បន្នវត្ថុតាង និងសត្វជ្រូក ត្រូវបានរក្សាទុកនៅមន្ទីរកសិកម្មខេត្ត ដើម្បីអនុវត្តតាមនីតិវិធីនៃច្បាប់។
ក្រសួងកសិកម្ម កាលពីពេលកន្លងទៅបានចេញបំរាម ហាមនាំចូលជ្រូកពីវៀតណាម ដើម្បីទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក និងជំរុញឲ្យមានការចិញ្ចឹមនៅក្នុងស្រុក៕