នា​ពេ​ល​នេះ​វិទ្យុសំឡេង​សហរដ្ឋ​អាមេរិក​ (VOA) ត្រៀម​ដំណើរ​ការនៅកម្ពុជា​ហើយ ក្រោយ​ក្រសួង​ព័ត៌មាន​អនុញ្ញាត​

ភ្នំពេញ ៖ នាពេលនេះ​វិទ្យុសំឡេង​សហរដ្ឋអាមេរិក (VOA) បាន​ដំណើរការ​ការ​ផ្សាយ​របស់ខ្លួននៅក្នុង​ប្រទេសកម្ពុជា​បាន​ហើយ ក្រោយពេ​លដែលក្រសួងព័ត៌មាន​បានចេញលិខិត​ជាផ្លូវ​ការ​ ដោយ​សម្រេច​ឲ្យស្ថាប័ន​នេះមាន​ការិយា​ល័យ​​តំណាង​ស្របច្បាប់របស់ខ្លួន​ស្រប​ច្បាប់​។

តាមសេចក្តីសម្រេច, ការិយាល័យសំឡេងសហរដ្ឋអាមេរិក (VOA) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មានទីតាំងស្ថិតនៅផ្ទះលេខ៣២០ ផ្លូវព្រះមុនីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងមាន លោក Christopher Service Dechard ជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ P822102789 ធ្វើនៅថ្ងៃទី០១ខែមិថុនា ឆ្នាំ២០១៩ ជាតំណាងស្របច្បាប់។

After Footer (Active) - damrei Mr1 Zone2

ការិយាល័យសំឡេងសហរដ្ឋអាមេរិក (VOA) និងអ្នកតំណាងស្របច្បាប់ ត្រូវគោរពតាមរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីរបបសារព័ត៌មាន ក្រមសីលធម៌អ្នកសារព័ត៌មាន បទបញ្ជា កិច្ចសន្យា នឹងសេចក្តីណែនាំនានាពាក់ព័ន្ធវិស័យព័ត៌មាន និងសោតទស្សន៍នៃព្រះរាជាណាចក្រកម្ពុជា។ ករណីប្រព្រឹត្តល្មើសត្រូវទទួលទោសតាមច្បាប់ជាធរមាន។ នេះបើតាមការបញ្ជាក់របស់ក្រសួងព័ត៌មាន ក្នុងប្រកា២ នៃសេចក្តីសម្រេចខាងលើនេះ។ មិនតែប៉ុណ្ណោះ ក្រសួងក៏បានតម្រូវឱ្យ ការិយាល័យវិទ្យុសំឡេងសហរដ្ឋអាមេរិក គឺរាល់ការផ្លាស់ប្តូរព័ត៌មានអំពីទីតាំងការិយាល័យ ឬ អ្នកតំណាងស្របច្បាប់ ត្រូវជូនដំណឹងមកក្រសួងព័ត៌មាន៥ (ប្រាំ) ថ្ងៃមុន។

វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ជា​បណ្តាញ​ផ្សាយ​ពហុ​ព័ត៌មាន​អន្តរជាតិ​ធំ​បង្អស់​របស់​សហរដ្ឋអាមេរិក ដែល​ផ្តល់​ព័ត៌មាន​ជិត​៥០​ភាសា។ (VOA) ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៤២ ជាមួយនឹងការប្តេជ្ញា​រាយការណ៍​ព័ត៌មាន​ឯករាជ្យ និង​ទូលំទូលាយ ហើយ​នាំ​យក​ការពិត​ជូន​ដល់​អ្នក​ស្តាប់ និង​ទស្សនិកជន។ (VOA) ត្រូវ​បាន​ឧបត្ថម្ភ​ថវិកា​ដោយ​ពលរដ្ឋ​អាមេរិកាំង​ដែល​បង់​ពន្ធ​ហើយ (VOA) ជា​ផ្នែក​មួយ​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​បណ្តាញ​ផ្សាយ​ព័ត៌មាន​​សាកល។ នេះបើតាមការប្រកាសរបស់ (VOA)។

កាលពីកន្លងទៅរាជរដ្ឋាភិបាលកម្ពុជារងការចោទប្រកាន់ថា បានបិទសារព័ត៌មានបរទេស ដូចជា៖ អាស៊ីសេរី និង The Cambodia Daily ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ ទោះជាយ៉ាងនេះក្តី តាមសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការលើកតម្កើងនូវសិទ្ធិសេរីភាពសារព័ត៌មាន សេរីភាពការបញ្ចេញមតិស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានជាធរមាន។

រាជរដ្ឋាភិបាល បានបញ្ជាក់យ៉ាងច្បាស់ថា វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក បានផ្តួចផ្តើមគំនិតបិទការិយាល័យតំណាងរបស់ខ្លួនដោយខ្លួនឯង។ ដូច្នេះវិទ្យុទាំងពីរនេះ ក៏មានសេរីភាពបើកការិយាល័យតំណាងរបស់ខ្លួននៅកម្ពុជា ឡើងវិញបានដែរ។ ដោយឡែកកាសែត The Cambodia Daily បានបិទការិយាល័យ ដោយសារតែមិនមានលទ្ធភាពបង់ពន្ធជូនរដ្ឋ៕