ក្រោយពីបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជប៉ុនរៀបចំផែនការអភិវឌ្ឍផៃសមុទ្រនៅកម្ពុជា
រដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានប្រកាសបន្តជួយគាំទ្រក្នុងការជួយសិក្សារៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍកំពង់ផែសមុទ្រនៅក្នុង កម្ពុជាដោយការសិក្សារួមបញ្ជូល រវាងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសទៅក្នុងការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ។
លោក HORINOUCHI Hidehisa ឯកអគ្គរដ្ឋទូតរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាបានថ្លែងឲ្យដឹង នៅក្នុងជំនួបនៅក្នុងពិភាក្សាការងារជាមួយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីពេលថ្មីៗកន្លងមកនេះ បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុននឹងជួយរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងទីក្រុងភ្នំពេញ និងការពន្លឿនការរៀបចំកិច្ចព្រមព្រៀងស្តីពី ការជៀសវាងការយកពន្ធត្រួតគ្នារវាងកម្ពុជា-ជប៉ុន (Double Taxation Agreement) ផងដែរ។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ភាគីមិត្តជប៉ុន ចំពោះគំនិតផ្តួចផ្តើមក្នុងការជួយសិក្សា រៀបចំផែនការមេសម្រាប់ការអភិវឌ្ឍន៍កំពង់ផែ ដោយជប៉ុនផ្តល់ជំនួយបច្ចេកទេស ក្នុងការសិក្សារៀបចំផែនការមេនេះ និងបានជម្រាបភាគីមិត្តថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ចៀសវាងនូវការសិក្សាជាន់គ្នា ដោយសារបច្ចុប្បន្នមានប្រទេសជាដៃគូអភិវឌ្ឍន៍មួយចំនួន បាន និង កំពុងជួយកម្ពុជាសិក្សា រៀបចំផែនការមេសម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការតភ្ជាប់នេះ។
ដោយឡែក ចំពោះកិច្ចដំណើរការពន្លឿនការរៀបចំកិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធត្រួតគ្នារវាងកម្ពុជា-ជប៉ុន ឯកឧត្តមបណ្ឌិតសភាចារ្យ បានស្នើឱ្យមន្រ្តីបច្ចេកទេសពាក់ព័ន្ធរបស់ភាគីទាំងពីរ មានភាពទន់ភ្លន់ យោគយល់ គ្នាទៅវិញទៅមក និងបន្តខិតខំថែមទៀត ក្នុងការផ្តល់ផលប្រយោជន៍ប្រកបដោយសមធម៌ សម្រាប់ភាគីទាំងសងខាង ដើម្បីអាចឈានទៅបញ្ចប់ការរៀបចំកិច្ចព្រមព្រៀងនេះ ឱ្យបានឆាប់ក្នុងពេលខាងមុខនេះ ដែលជាចំណែកសម្រាប់ ទាក់ទាញការវិនិយោគឯកជនជប៉ុនមកកម្ពុជា ក៏ដូចជា ពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ កម្ពុជា-ជប៉ុន។
ឯកឧត្តម អូន ព័ន្ឋមុនីរ័ត្នបានចាត់ទុកប្រទេសជប៉ុន ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចដំណើរការកសាងប្រទេសកម្ពុជា ចាប់តាំងពីការកសាងសន្តិភាព រហូតដល់ការស្តារ និងអភិវឌ្ឍន៍ រហូតដល់ពេលបច្ចុប្បន្ននេះ៕