ឯកឧត្តម ជា សុផារ៉ា ៖ សំណង់ដែលគ្មានច្បាប់ គឺមិនអនុញ្ញាតឲ្យស្នាក់នៅទេ សូម្បីតែដាក់ទឹកភ្លើងក៏មិនបានដែរ
ការដាក់កំហិតរបស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់ ក្រោយពេលដែលមានសោកនាដ្ឋកម្មរលំអគារកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ ដែលបណ្តាលឲ្យមានជនរងគ្រោះបានស្លាប់ចំនួន២៨នាក់ និងរបួសចំនួន២៦នាក់ នៅក្រុងកំពង់សោម ខេត្តព្រះសីហនុ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីរូបនេះ បានថ្លែងថា សំណង់ដែលគ្មានច្បាប់ត្រឹមត្រូវនៅខេត្តព្រះសីហនុ គឺមិនអនុញ្ញាតឲ្យចូលស្នាក់នៅ មិនអនុញ្ញាតឲ្យធ្វើអាជីវកម្ម មិនតទឹក និងតភ្លើងជូនឡើយ ក្នុងករណីមិនសហការជាមួយក្រុមការងារមន្ទីរ និងមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់។
នៅក្នុងជំនួបសំណេះសំណាលឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានស្នើសុំឲ្យក្រុមហ៊ុនសហការជាមួយក្រុមការងារចុះពិនិត្យ ដែលមានភារកិច្ចជួយគាំទ្រដល់ពួកគាត់ គោរពច្បាប់ក្នុងការសាងសង់ និងលើកកម្ពស់គុណភាពសំណង់ ដើម្បីនាំមកនូវប្រយោជន៍ផ្ទាល់ខ្លួន និងសេដ្ឋកិច្ចជាតិ។
សូមបញ្ជាក់ថា ក្រោយមានបញ្ហាបែបនេះក្រសួងដែនដី នគរូបនីយ៍កម្ម និងសំណង់ បានធ្វើការពិគ្រោះយោបល់ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការឯកភាពពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីធ្វើការបញ្ឈប់រាល់សំណង់ដែលគ្មានច្បាប់ និងសាងសង់គ្មានបច្ចេកទេស៕