បើតាមរបាយការណ៍ “Sustainable Development Solutions Network (SDSN) និង Bertelsmann Stiftung បានឱ្យដឹងថាវៀតណាមបានជាប់ចំណាត់ថ្នាក់លេខ៥៤ លើសន្ទស្សន៍អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព Sustainable Development Goals (SDG) ក្នុងឆ្នាំ២០១៩ ដោយមានពិន្ទុ៧១.១ ដែលនេះជាការកើនឡើងបីចំណាត់ថ្នាក់បើប្រៀបធៀបពីឆ្នាំ២០១៨មុន។
របាយការណ៍នេះបានវាយតម្លៃការអនុវត្តSDG ចំនួន១៧ ចំណុចនៅក្នុង១៦២ ប្រទេសនិងដែនដីមួយចំនួនដោយមានប្រព័ន្ធរង្វាយតម្លៃពិន្ទុដោយពិន្ទុសូន្យ (ខ្សោយបំផុត) ដល់១០០ (ល្អបំផុត)។ ដោយឡែកប្រទេសដាណឺម៉ាកឈរលើលំដាប់កំពូលជាមួយនឹងពិន្ទុ៨៥.២ ហើយសាធារណរដ្ឋអាហ្វ្រិកកណ្តាល មានពិន្ទុទាបជាងគេបង្អស់៣៩.១ ពិន្ទុ។
ពិន្ទុជាមធ្យមសម្រាប់ប្រទេសនៅអាស៊ីអាគ្នេយ៍គឺ៦៥.៧ ពិន្ទុដែលក្នុងនោះប្រទេសថៃបាននាំមុខគេក្នុងតំបន់នេះដោយមាន៧៣ពិន្ទុឈរនៅលើចំណាត់ថ្នាក់លេខ៤០ នៅលើពិភពលោក។ បន្ទាប់ពីប្រទេសថៃគឺប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់លេខ២ ដោយមានពិន្ទុ៧១.១។
ប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតរួមមានប្រទេសសិង្ហបុរី (ទី៦៦) ម៉ាឡេស៊ី(ទី៦៨) ហ្វីលីពីន(ទី៩៧) ឥណ្ឌូណេស៊ី(ទី១០២) មីយ៉ាន់ម៉ា(ទី១១០) ឡាវនិងកម្ពុជា(ទី១១២)៕