ប្រភេទរថយន្ត​កូនកាត់​សេរីថ្មី​ ស៊ីសាំង​តិច​ មិនប៉ះពាល់បរិស្ថាន​​ ប៉ុន្តែមិន​ទាន់​បាន​នាំចូលប្រទេសកម្ពុជានោះទេ

ឡានកូនកាត់ឬ Hybrid ដែលពេញនិយមដូចជា Toyota Prius កំពុងបើកពេញផ្លូវនៅកម្ពុជាសព្វថ្ងៃនេះ ការពិតវាមិនមែនជាឡានថ្មីទេ ខណៈដែលក្រុមហ៊ុនធំៗដូចជា Toyota , Honda សុទ្ធតែមិននាំចូលឡានប្រភេទនេះមកលក់នៅកម្ពុជា វាមានតែលក់នៅតាមឃ្លាំងឡានមួយទឹកឬឡានជជុះប៉ុណ្ណោះ។

ឡានកូនកាត់ត្រូវបានគេទទួលស្គាល់ថា ស៊ីសាំងតិច និងប៉ះពាល់បរិស្ថានតិច ប៉ុន្តែក្រុមហ៊ុន Toyota Cambodia បញ្ជាក់ថា បើនាំឡាននេះយកមកលក់នៅកម្ពុជាបែរជាធ្វើឲ្យប៉ះពាល់បរិស្ថានលើសដើម។

លោក លី ប៊ុនហៃ នាយកចាត់ការទូទៅនៃនាយកដ្ឋានផ្នែកលក់និងទីផ្សារ Toyota Cambodia លើកឡើងដូចច្នោះថា “ខ្ញុំទទួលស្គាល់ថាវាស៊ីសាំងតិច ហើយប៉ះពាល់បរិស្ថានតិច ប៉ុន្តែលក្ខខណ្ឌនៅស្រុកខ្មែរយើងមិនត្រូវជាមួយឡាន Hybrid ទេ ព្រោះវាបំពុលបរិស្ថានខ្លាំងសម្រាប់ស្រុកយើង”។

លោកបញ្ជាក់ថា ជាទូទៅឡានកូនកាត់លក់ដាច់ច្រើននៅក្រៅប្រទេសដូចជាសហរដ្ឋអាមេរិកជាដើម ចំណែករដ្ឋាភិបាលក៏លើកទឹកចិត្តឲ្យប្រជាពលរដ្ឋជិះឡានកូនកាត់ច្រើនដែរ ដោយសារនៅស្រុកគេមានរោងចក្រសម្រាប់ច្នៃអាគុយចាស់ៗ ដែលដោះចេញពីឡានកូនកាត់។ ផ្ទុយមកវិញស្រុកខ្មែរមិនទាន់មានកន្លែងណាមួយសម្រាប់ច្នៃអាគុយចាស់ៗឲ្យត្រឹមត្រូវទេ ជាទូទៅឡានកូនកាត់ត្រូវការដូចអាគុយចេញ ជាក់ស្តែងអាគុយដែលដោះចេញពីឡានកូនកាត់ ម្តងមួយគ្រាប់ពីរគ្រាប់នោះ ត្រូវបោះចោលរប៉ាត់របាយគ្មានសណ្តាប់ធ្នាប់ ដូចនេះអាគុយនេះនឹងបំពុលបរិស្ថានខ្លាំង។

លោក ប៊ុនហៃ ថា មិនមែនក្រុមហ៊ុនមិនចង់យកវាមកលក់ទេ ព្រោះឡាននេះកំពុងពេញនិយម ប៉ុន្តែក្រុមហ៊ុនគិតគូរវែងឆ្ងាយ បើសិនយកវាមកលក់នៅស្រុកខ្មែរ ក្រុមហ៊ុនត្រូវទទួលខុសត្រូវចំពោះអាគុយដែលដោះចេញពីឡាននេះយកទៅទុកដាក់នៅកន្លែងមានសុវត្ថិភាព ស្របពេលដែលស្រុកខ្មែរគ្មានរោងចក្រច្នៃអាគុយនេះឡើងវិញ ដូចនេះក្រុមហ៊ុនត្រូវដឹកយកទៅឲ្យរោងចក្រនៅក្រៅប្រទេសកែច្នៃវា ប៉ុន្តែការដឹកជញ្ជូនទៅក្រៅប្រទេសត្រូវចំណាយច្រើន ហើយពិបាកទាំងការវេចខ្ចប់ផងដែរ ដូចច្នោះបើយកឡានកូនកាត់មកលក់នៅស្រុកខ្មែរក៏វាមានតម្លៃខ្ពស់ដែរ។

Toyota Cambodia ក៏បានបញ្ជាក់ថាចុងក្រោយបន្តិចថា ក្រុមហ៊ុនកំពុងពិចារណាលើការនាំចូលឡានកូនកាត់មកលក់នៅកម្ពុជាដែរ ប៉ុន្តែរងចាំមើលលក្ខខណ្ឌល្អ ក៏ដូចជាការលើកទឹកចិត្តពីរដ្ឋាភិបាលដើម្បីធ្វើយ៉ាងណាឲ្យឡានកូនកាត់ដែលនាំមកលក់នៅស្រុកខ្មែរមានតម្លៃសមរម្យ៕