យុវជនម្នាក់ប្រើល្បិចមិនធ្លាប់មាន ដោយដាក់ដីផ្ញើរឲ្យក្រុមហ៊ុន Amazon យកលុយរហូតដល់៣៧ម៉ឺនដុល្លារ
Amazon ជាក្រុមហ៊ុនលំដាប់ពិភពលោកល្បីល្បាញជាងគេខាងលក់ទំនិញគ្រប់ប្រភេទនៅលើអ៊ីនធឺណេត ដោយមានបច្ចេកវិទ្យាឈានមុខគេស្ទើរតែរកដៃគូរប្រៀបពុំបាន។
យ៉ាងណាក៏ដោយទោះជាក្រុមហ៊ុនទំនើប ឬធំយ៉ាងណាក្ដី Amazon ក៏នៅមានកំហុសខ្វះខាតខ្លះផងដែរ ដោយពេលថ្មីៗនេះមានយុវជន ២២ឆ្នាំម្នាក់បានបោកលុយក្រុមហ៊ុន Amazon អស់ទឹកប្រាក់ប្រមាណជា ៣៧០ ០០០ ដុល្លារ នេះបើតាមសារពត៌មាន Fox News។
បើតាមសារពត៌មានដដែលបានឱ្យដឹងថា យុវជនរូបនោះបានកុម្ម៉ង់ទំនិញពី Amazon ក្រោយពីទទួលទំនិញក៏បានផ្ញើរត្រឡប់ឱ្យក្រុមហ៊ុនវិញ ដោយសារតែ Amazon មានគោលនយោបាយទទួលយកទំនិញវិញក្នុងករណីដែលអតិថិជនមិនពេញចិត្តក្នុងរយៈពេលមួយខែ។
នៅពេលដែលផ្ញើរទំនិញត្រឡប់ទៅវិញ យុវជនរូបនោះបែរជាយកឥវ៉ាន់ដែលនៅក្នុងកេសចេញ ហើយច្រកដីឱ្យគ្រប់គីឡូឥវ៉ាន់ផ្ញើរទៅវិញ។ ខាង Amazon ទៀតក៏មិនបានឆែកមើលអ្វីដែរ ឱ្យតែគ្រប់គីឡូគេយកទៅទុកក្នុងឃ្លាំងហើយ ដោយឃ្លាំងនោះមិនមានអ្នកឆែកទៀត។
យុវជនរូបនោះចេះតែបញ្ចូនដីមករហូតទាំងគ្មាននរណាដឹងទេ រហូតទាល់តែមានបុគ្គលិកឆែកមើលដោយចៃដន្យឃើញសុទ្ធតែដីទើបបែករឿង នាំឱ្យមានការប្ដឹងប្ដល់រហូតដល់ការឃុំខ្លួនយុវជនរូបនោះ។
ជាមួយគ្នានេះផងដែរ របាយការណ៍ស៊ើបអង្កេតបានបង្ហាញថាលុយខ្ទង់សែនដុល្លារដែលយុវជនរូបនោះបោកបានពី Amazon នោះ យុវជនរូបនោះបានយកទៅបង្កើតក្រុមហ៊ុនខ្លួនឯង៕