ភ្នំពេញ៖ តារាសម្តែងអ្នកនាង ពេជ្រ ខេនឌី ឆេះដុំក្តៅខ្លាំងមែនទែនលើកូនបំណុលមួយដែលបានបោកប្រាស់នាង ហើយនាងហ៊ានជះលុយ១ពាន់ដុល្លារអាមេរិកប្រសិនបើអ្នកណាអាចផ្តល់ដំណឹងសម្រេចក្នុងការចាប់ខ្លួនបុរសម្នាក់នេះបាន។
ក្នុងដីការចាប់ខ្លួន របស់សាលារាជធានីភ្នំពេញលេខ ៥១៩ដចន បានឱ្យដឹងថា លោក សាន សុផាត ចៅក្រមស៊ើបសួរ បញ្ជាសមត្ថកិច្ចឱ្យចាប់ខ្លួនលោក ផាន់ សុភ័ក្រ្ត ភេទប្រុស អាយុ៤៤ឆ្នាំ មានលំនៅដ្ឋានផ្ទះលេខ១៥ ផ្លូវជាតិ៥ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ រាជធានីភ្នំពេញ ដោយបង្គាប់ឱ្យចូលខ្លួនបំភ្លឺនិងដោះស្រាយ ជាមួយក្រុមហ៊ុនហិរញ្ញវត្ថុ Far Ocean ពីបទ “រំលោភលើទំនុបចិត្ត ក្លែងបន្លំឯកសារធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ” និងទី២ “មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន” ។
តារាសម្តែងអ្នកនាង ពេជ្រ ខេនឌី បានប្រាប់រស្មីកម្ពុជាកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ឱ្យដឹងថា បុរសឈ្មោះ ផាន់ សុភ័ក្រ្ត ជាអតិថិជនរបស់ក្រុមហ៊ុនរបស់នាង និងស្វាមីដែលបានជួលរថយន្តទំនើបចំនួនពីរគ្រឿងតម្លៃរាប់សិបម៉ឺនដុល្លារ ប៉ុន្តែស៊ីដាច់ហើយរត់គេចខ្លួនបាត់ស្រមោល។ មុនពេលនាងទទួលដំណឹងថាបុរសនេះ បោកប្រាស់ និង រត់គេចបាត់នោះ គឺពេលនាងសុំពិនិត្យរថយន្តឡើងវិញ និង ទាររថយន្តយកមករក្សាទុកវិញ ដើម្បីធ្វើឯកសារថ្មីនៃការជួល ប៉ុន្តែស្រាប់តែបុគ្គលកនេះថា រថយន្តត្រូវចោរលួចបាត់ និងសុំសងវិញបង់ជាដំណាក់កាល។ ដល់ពេលព្រមឱ្យសងនោះ បែរជាបុរសនេះឱ្យសែកដែលគ្មានលុយនៅធនាគារ ហើយរត់គេចបាត់ស្រមោលតែម្តង។
តារាស្រីសិចស៊ីរូបនេះបានបង្ហើបថា អ្វីដែលជម្រុញនាងប្តឹងដល់តុលាការ និង ជាជំហានបន្តទៀត ជះលុយដល់មួយពាន់ដុល្លារសម្រាប់ អ្នកណាអាចផ្តល់ដំណឹងនៃការលាក់ខ្លួនបុរសម្នាក់នេះបាន ដោយសារតែនាងហួសចិត្តយ៉ាងខ្លាំងស្ទើរក្អួតឈាមហើយ។ ព្រោះបុរសម្នាក់នេះមិនមែនជាអតិថិជនធម្មតា ឡើយ ជាមនុស្សរាប់គ្នាស្គាល់គ្នាតាំងតូចៗ ២០ ទៅ៣០ឆ្នាំមកហើយ។ សូម្បីតែក្រុមគ្រួសារបុរសម្នាក់នេះ ពេជ្រ ខេនឌី ស្គាល់ប្រវត្តិទាំងអស់។ នាងមិននឹកស្មានថា មនុស្សរាប់អានគ្នា មករកស៊ីជាមួយនាង បែរជាបោកប្រាស់យ៉ាងចាស់ដៃបែបនេះ។
អ្នកនាង ពេជ្រ ខេនឌី បានបញ្ជាក់ថា បុគ្គលកបោកប្រាស់ ផាន់ សុភ័ក្រ្ត មិនមែនជាមនុស្សធម្មតាឡើយ ជាមន្ត្រីធំនៅអាកាសចរស៊ីវិល មានឋានៈក៏មិនតូចដែរ ប៉ុន្តែមិននឹកស្មានហ៊ានធ្វើទង្វើរបែបនេះ ដាក់លើនាង និងក្រុមហ៊ុនរបស់ប្តីនាងបែបនេះ។ នាងសូមអះអាងថា ប្រសិនអ្នកណាឱ្យតែអាចផ្តល់ឱ្យនាងចាប់ខ្លួនបុរសនេះបាន នាងនឹងឧបត្ថម្ភទឹកប្រាក់ចំនួន១ពាន់ដុល្លារអាមេរិកជាទីគាប់ចិត្ត៕