បុរសម្នាក់បានធ្លាក់ពីលើជាន់ទី៤ នៃអាគារផ្សារទំនើប AEON ទី១ ដោយមិនទាន់ដឹងមូលហេតុ ជាករណីឃាតកម្ម ឬ ជាករណីអត្តឃាតនោះទេ បង្កការភ្ញាក់ផ្អើលឡើងកាលពីម៉ោងជិត១១យប់ នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩នេះ ស្ថិតនៅផ្លវព្រះសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
សពបុរសខាងលើ នៅមិនទាន់មានអ្នកស្គាល់អត្តសញ្ញាណនៅឡើយទេ អាយុជាង២០ឆ្នាំ។
តាមការបំភ្លឺពីសាក្សីនៅកន្លែងកើតហេតុ បានប្រាប់សមត្តកិច្ចឲ្យដឹងថា នៅវេលាម៉ោងខាងលើ គេបានឃើញបុរសម្នាក់ធ្លាក់ពីលើផ្សារទំនើប ជាន់ទី៤ បោកក្បាល ហើយអ្នកដែលបានឃើញនាំគ្នាស្ទុះចេញទៅមើល ឃើញបុរសម្នាក់នោះដេកស្ដូកស្ដឹង និងមានឈាមហូរចេញពីក្បាល តែមិនមានអ្នកណាហ៊ានប៉ះពាល់ទេ។
សមត្តកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុផងដែរ តែខាងក្រុមសន្តិសុខផ្សារទំនើប AEON មិនអនុញាតិអោយក្រុមអ្នកយកព័ត៌មានចុះផ្ដិតយករូបភាពនោះឡើយ ហាក់បីដូចជាមានការលាក់បាំង មិនឲ្យក្រុមអ្នកសារព័ត៌មានដឹងពីមូលហេតុនឹងដំណើររឿងនេះឡើយ។
ជនរងគ្រោះភិនភាគស្លៀកពាក់ខោខ្លី អាវយឺតដៃខ្លីពណ៌ខៀវ និងមិនមែនជាបុគ្គលិកផ្សារទំនើប AEON នោះទេ គឺប្រជាពលរដ្ឋដើរមកពីខាងក្រៅ ឡើងទៅលើជាន់ទី៤ លោតសម្លាប់ខ្លួនតែម្តង។
បច្ចុប្បន្នសពកំពុង រង់ចាំខាងសមត្ថកិច្ចជំនាញចុះមកត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ រួចរងចាំស្វែងរកបងប្អូន ឬ សាច់ញាតិ ក្រុមគ្រួសារ មកយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ ខេមប៉ូឌាភ្លើសញ៉ូ