វិស័យអចលនទ្រព្យនៅកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងខ្លាំង ដោយសារកត្តាសុខសន្តិភាពពេញផ្ទៃប្រទេស ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន បានធ្វើអោយកម្ពុជា ទទួលបានការអភិវឌ្ឍន៍លើគ្រប់វិស័យពេញផ្ទៃប្រទេស។ ក្នុងនោះវិស័យគមនាគមន៍ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង មានផ្លូវ ស្ពាន ថ្នល់ខ្នាត់ខ្នែង ត្រូវបានកសាងជាបន្តបន្ទាប់។
ចំពោះការរីកចម្រើនបែបនេះ តើអ្នកមានដឹងទេថាផ្លូវជាតិលេខ៥៥ ដែលជាផ្លូវដ៏សំខាន់មួយនៅកម្ពុជាតភ្ជាប់តំបន់ណា ហើយមានភាពស្រស់ស្អាតនិងគួរឲ្យទាក់ទាញយ៉ាងណា? ផ្លូវជាតិលេខ៥៥ជាផ្លូវជាតិ ដែលមានប្រវែង១៨១,៧៨០គីឡូម៉ែត្រ ទទឹងផ្លូវ ៩ម៉ែត្រ ចែកជា ២គន្លងផ្លូវ លាតសន្ធឹងពីផ្លូវជាតិលេខ០៥ ទីកាន់ទីរួមខេត្តពោធិ៍សាត់-វាលវែង-ថ្មដា-ច្រក៥៦ (ព្រំប្រទល់កម្ពុជា-ថៃ)។
ផ្លូវកោងបត់បែនមួយនេះ អមដោយធម្មជាតិបៃតង ព្រៃឈើ ជួរភ្នំ ទឹកជ្រោះ វាលស្រែ ដ៏ស្រស់ស្អាតគួរអោយគយគន់ មានអត្ថប្រយោជន៍ជាផ្លូវទេសចរណ៍ ធម្មជាតិ សម្រួលដល់ការដឹកជញ្ជូនកសិផល និងផលិតផលពីក្នុងតំបន់ ទៅកាន់ទីផ្សារ ក្នុង និងក្រៅប្រទេស។
សមិទ្ធផលទាំងនេះស្តែងចេញអោយឃើញពី កិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងលើគ្រប់វិស័យ ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដោយផ្លូវនេះមានកន្លែងខ្លះ មិនទាន់បានដាក់ផ្លាកសញ្ញា លាបគំនូសផ្លូវ និងដាក់បង្គោលសុវត្ថិភាព ចប់សព្វគ្រប់នៅឡើយ។
បើយោងតាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឲ្យដឹងថាផ្លូវជាតិ៥៥ (ពោធិ៍សាត់-ថ្មដា) អមដោយទេសភាព ដ៏ស្រស់បំព្រង “អាចនឹង” ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ (ជាផ្លូវការ) នៅក្នុងពេលដ៏ខ្លីខាងមុខនេះ៕