ប៉ៃលិន ៖ ខេត្តប៉ៃលិនជាខេត្តមួយសម្បូរទៅដោយធនធានធម្មជាតិដ៏មានតម្លៃបំផុតទាំងក្នុងដី និងនៅលើដី ហើយវាបានរកចំណូលឲ្យប្រជាពលរដ្ឋបានយ៉ាងច្រើនក្រាស់ក្រែលផងដែរ ដែលបច្ចុប្បន្ននេះខេត្តប៉ៃលិនមានត្បូងជាច្រើនប្រភេទមាន ត្បូងទទឹម និងត្បូងកណ្តៀងជាច្រើន បានដាក់លក់នៅតាមទីផ្សារ។
អាជីវកម្មនេះក៏បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករផងដែរ កាលណាពួកគេមកទស្សនាគេមិនភ្លេចទៅទស្សនាកន្លែងច្នៃ និងលក់ត្បូង ដែលបានដាក់តម្រៀបគ្នាជាជួរ ជាមួយទូរកញ្ចក់ចាំដោយត្បូងបែបធម្មជាតិដ៏សែនស្រស់ត្រកាល។ ចម្ងាយពីទីតាំងប្រវត្តិសាស្រ្តនេះប្រហែល១០០ម៉ែត្រមានផ្ទះអាជីវករច្នៃត្បូងយីហោ លី ពៅ មួយកន្លែងដែលបានបើកអាជីវកម្មមួយនេះតាំងពីឆ្នាំ២០០២មកម្លេះ។
លោកសាន ហ្វារីត ជាអ្នកលក់ត្បូងក្នុងហាងមួយនេះបានបង្ហើបឲ្យដឹងថា បច្ចុប្បន្នហាងរបស់គាត់លក់ដាច់បានច្រើនគួរសម ពិសេសរដូវកាលដែលសម្បូរភ្ញៀវទេសចរណ៍ឆ្លងកាត់ទាំងភ្ញៀវជាតិ និងបរទេសដែលពួកគាត់ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើគុណភាព និងភាពច្នៃប្រឌិតរបស់ប្រជាជនខ្មែរ ដែលពួកគាត់ខិតខំកែច្នៃត្បូងរបស់ខ្មែរ ឡាវ អាហ្រ្វិក និងប្រទេសនានាផ្សេងទៀតនៅជុំវិញពិភពលោក។
នកលក់រូបនេះ បន្ថែមថា ទោះបីជាអាចលក់ដាច់ច្រើនទៅកាន់ភ្ញៀវទេសចរណ៍ក្តី ប៉ុន្តែងាកមកការលក់ក្នុងតំបន់វិញ គឺមិនសូវមានដំណើរការល្អប៉ុន្មានឡើយ ដែលតម្រូវឲ្យអ្នករកស៊ីរបរមួយនេះត្រូវប្រើប្រាស់ជំនួយសម្រាប់ផ្សព្វផ្សាយឲ្យបានឆ្ងាយជាងតំបន់ដែលខ្លួនកំពុងតែបោះទីតាំងទើបអាចលក់ដាច់បានច្រើន៕