តោះ​មក​មើល​ស្ពាន​មាសរបស់​ប្រទេសវៀតណាម​កំពុង​ទាក់ទាញភ្ញៀវ​ទេសចរ​

ស្ពាន Cau Vang ឬម្យ៉ាងទៀតហៅថាស្ពានមាស ក្នុងតំបន់ Ba Na Hills របស់ប្រទសទេស វៀតណាម​បាន​ក្លាយ​ជា​តំបន់​មួយដែលទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ឲ្យមកមើលការរចនាដ៏ចម្លែកភ្នែកមួយនេះ។

ស្ពានមួយនេះត្រូវបានសាងសង់ឡើងប្រៀបដូចជាដៃរបស់ព្រះ ដែលផុសចេញពីដីដែលមានកំពស់ជាង ១០០០ម៉ែត្រ មានប្រវែង១៥០ម៉ែត្រ ដែលចាប់បើកដំណើរការក្នុងខែកក្តដាកន្លងទៅ ក្នុងទឹកប្រាក់វិនិយោគ២ពាន់លាន​ដុល្លារ​អាមេរិក។ វាជាស្ពានដែលអ្នកអាចដើរលើលំហអាកាសដែលមានពពក និងព្រៃឈើដុះនៅពីក្រោម ដែលនេះ​ជា​ការ​សាង​សង់មួយដែលទាក់ទាញភ្ញៀវទេសចរណ៍ទាំងក្នុងតំបន់ និងក្រៅប្រទេសឲ្យមកកំសាន្តនៅកន្លែងនេះ។

តំបន់ភ្នំ Ba Na Hills នេះបានទាក់ទាញភ្ញៀវទេសចរណ៍ប្រមាណ ២,៧ លាននាក់កាលពីឆ្នាំ២០១៧ នេះបើយោង​តាមរដ្ឋ​បាលទេសចរណ៍ជាតិវៀតណាម។ បន្តាប់ពីការសាងសង់ស្ពានមាសហើយ តំបន់នេះនឹងក្លាយជាតំបន់គោលដៅ​ទេសចរណ៍ដែល​ទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិយ៉ាងច្រើន ដែលជាផ្នែកមួយក្នុងការជម្រុញ​សេដ្ឋកិច្ចវៀតណាម​ដ៏មានសក្តានុពល។

របាយការណ៍ឆ្នាំ ២០១៧ របស់  United Nations World Tourism Organization បានចាត់ថ្នាក់​ប្រទេសវៀត​ណាម​ក្នុង​ចំណាត់ថ្នាក់លេខរៀងទី៧ ក្នុងពិភពលោកជាប្រទេសដែលមានទេសចរណ៍កើនឡើងខ្លាំង ហើយវៀតណាម​ក៏​ជាប់​ចំណាត់ថ្នាក់ទាំង ១០ក្នុងប្រទេសអាស៊ីអាគ្នេយ៍ផងដែរ។​

វៀតណាមមានគម្រោងទាញយកភ្ញៀវទេសចរណ៍បរទេសឲ្យបាន ១៥ ទៅ ១៧លាននាក់ក្នុងមួយឆ្នាំ។ ក្នុងរយៈពេល១​ឆមាស​ដំបូងក្នុងឆ្នាំ ២០១៨ វៀតណាមបានទាក់ទាញភ្លៀវទេសចរណ៍សរុបប្រមាណ៧,៨លាននាក់ ទូទាំង​ពិភព​លោក។ នេះទំនងជាសញ្ញាល្អដែលវៀតណាមអាចនឹងសម្រេចគោលដៅរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា វៀតណាមកំពុងតែប្រកួតប្រជែងជាមួយប្រទេសក្នុងអាស៊ានដូចជាប្រទេសថៃ ដែលទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​ប្រមាណ ៣២,៦ លាននាក់ និងម៉ាឡេស៊ី ដែលទាក់ទាញបាន២៦,៨លាននាក់ ក្នុងឆ្នាំ២០១៦៕