ពិតជាអស្ចារ្យមែន ! ព្រមានយន្តថ្មីនិងចាប់ផ្តើមបង្កើតនៅក្រុងប៉ោយប៉ែតនៅដើមឆ្នាំ២០២០ខាងមុខនេះ
គម្រោងវិនិយោគថ្មីនៅលើទីតាំងព្រលានយន្តហោះ ដែលមានស្រាប់នៅក្នុងក្រុងប៉ោយប៉ែត ត្រូវបានប្រកាសឲ្យដឹងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជាថា នឹងត្រូវផ្តល់សិទ្ធិវិនិយោគបន្តអោយក្រុមហ៊ុន «Poipet Airport Investment» ដើម្បីសាងសង់ព្រលានយន្តហោះនេះនៅឆ្នាំ២០២០ ហើយគ្រោងនឹងចំណាយពេល៣ទៅ៥ឆ្នាំដើម្បីបញ្ចប់ការសាងសង់។
ដោយគ្របដណ្តប់លើផ្ទៃដីទំហំជាង១០០ហិចតាព្រលានយន្តហោះនេះ មានទីតាំងនៅក្នុងសង្កាត់ និមិត្ត ក្រុងប៉ោយប៉ែតដោយគ្រោងនឹងវិនិយោគក្នុងទឹកប្រាក់ប្រមាណ ៥០លានដុល្លារ។ បច្ចុប្បន្នប៉ោយប៉ែតជាមជ្ឈមណ្ឌលសេដ្ឋកិច្ច មជ្ឍមណ្ឌលដឹកជញ្ជូន តំបន់ឧស្សាហកម្ម កាស៊ីណូ និងជាច្រក ព្រំដែនសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសកម្ពុជាជាមួយប្រទេសថៃ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ សេដ្ឋកិច្ចក្នុងតំបន់ប៉ោយប៉ែត មើលឃើញថាមានភាពមមាញឹកខ្លាំងឡើងក្នុងនោះវិស័យអចលទ្រព្យកំពុងមានសន្ទស្សន៌កំណើនគួរឲ្យកត់សម្គាល់។
លោក សាន ស៊ាន ហូ អភិបាលក្រុងប៉ោយប៉ែតបានមានប្រសាសន៍ថា បច្ចុប្បន្នអចលនទ្រព្យនៅក្នុងក្រុងប៉ោយប៉ែតទាំងមូលកំពុងមានភាពប្រែប្រួលខ្លាំង។ លោកបានបន្ថែមថា“ជាក់ស្តែងយើងជួបប្រទះការខ្វះខាតកន្លែងស្នាក់នៅ បន្ទប់ជួល និងអគារជួលជាដើម។ លោកបានបញ្ជាក់ថាតម្លៃជួលអចលនទ្រព្យបានកើនឡើង ៣ ឬ ៤ ដង បើធៀបទៅនឹងឆ្នាំ ២០១៧។ ចំណែកតម្លៃដីក៏បានកើនឡើងខ្លាំងផងដែរ។ តំបន់មួយចំនួននៅតាមផ្លូវជាតិលេខ៥ ពីមុនមានតម្លៃ៤០ទៅ៥០ដុល្លារក្នុងមួយម៉ែត្រការ៉េបច្ចុប្បន្នមានតម្លៃ១៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
លោក ស៊ាន ហូ បញ្ជាក់ថា ប៉ោយប៉ែតបានក្លាយជាទិសដៅវិនិយោគថ្មីសម្រាប់វិនិយោគិនបរទេស។ វិនិយោគិនចិន ជប៉ុន និងថៃកំពុងចាប់អារម្មណ៍ខ្លាំងលើតំបន់អភិវឌ្ឍន៍នានានៅប៉ោយប៉ែត។ លោកជឿជាក់ថាវត្តមានព្រលានយន្តហោះថ្មីនេះនឹងជួយជម្រុញអចលនទ្រព្យនៅក្នុងតំបន់នេះឲ្យចម្រើនយ៉ាងខ្លាំងនៅពេលអនាគត។
លោក ហោ គន្ធា (ហៅRoy) ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Sokha Residences Group បាននិយាយថាហេដ្ឋារចនាសម្ព័ន្ធគឺជាកត្តាជំរុញលទ្ធភាព និងទំហំវិនិយោគពីដៃគូអន្តរជាតិបានកាន់តែច្រើនហើយជារួមវិស័យអចលនទ្រព្យនឹងបន្តរីកចម្រើនទៅមុន។ តាមរយៈព្រលានយន្តហោះថ្មីនេះ នឹងនាំយកភ្ញៀវទេសចរណ៍ និងវិនិយោគិនធំៗនៅក្នុងវិស័យអចលនទ្រព្យ អោយចូលទៅកាន់តំបន់នេះបានច្រើនថែមទៀត។
លោក Roy បានបញ្ជាក់ថា បច្ចុប្បន្នអចលនទ្រព្យដែលឈានមុខគេ នៅទីក្នុងតំបន់គឺវិស័យដីធ្លី និងមានគម្រោងលំនៅដ្ឋានបែបបុរីមួយចំនួនផងដែរ។ ទោះជាយ៉ាងណាគម្រោងខុនដូមិនទាន់មានច្រើននោះទេ ក្រៅពីគម្រោងខុនដូ Sokha Residences ដែលមានកម្ពស់២១ជាន់ និងគម្រោងថ្មីពីរផ្សេងទៀត។
បើពិនិត្យជារួម គេមើលឃើញថា តំបន់ប៉ោយប៉ែតនឹងក្លាយជាទីតាំងថ្មីមួយទៀតសម្រាប់វិនិយោគិនបរទេសពិសេសអ្នកអភិវឌ្ឍន៍ចិនខណៈទំនោរនៃការវិនិយោគនៅតំបន់នេះជុំវិញវិស័យអចលនទ្រព្យគឺស្រដៀងគ្នាទៅនឹងក្រុងព្រះសីហនុ។ ទោះយ៉ាងណាបច្ចុប្បន្នវិនិយោគិនទូទៅនៅតែអាចស្វែងរកឱកាសវិនិយោគល្អបំផុត៕