បណ្ឌិត​ គីម ហ៊ាង ៖ បើអ្នកមានលុយត្រឹម​តែ​១,០០០ដុល្លារ​ ចង់រកស៊ីផ្នែកអចលនទ្រព្យ​ត្រូវ​សិក្សាដូចខាងក្រោម​

ប្រសិនបើអ្នកមានដើមទុនត្រឹមតែ១,០០០ដុល្លារ ហើយអ្នកចង់រកស៊ីផ្នែកអចលនទ្រព្យ តើអ្នកនឹងចាប់ ផ្តើមពីត្រង់ណា បើក្នុងខ្លួនគ្មានបទពិសោធន៍ គ្មានចំណេះដឹងខាងផ្នែកនោះទាល់តែសោះ។ លោកបណ្ឌិតគីម ហ៊ាង បានបានធ្លាប់លើកឡើងពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកថា លោករកស៊ីផ្នែកនេះ មិនទាំងចំណាយដើមទុនជាប្រាក់ឡើយ តែដើមទុនដំបូងរបស់លោកគឺ ភាពក្លាហាន ភាពស្មោះត្រង់ និងភាពតស៊ូ។

ហើយលោកបានណែនាំដល់យុវជនជំនាន់ក្រោយថា ប្រសិនបើយើងមានដើមទុនតិចតួចត្រឹម១,០០០ដុល្លារ អ្នកអាចយកលុយទៅទិញដី ដែលនៅឆ្ងាយពីក្រុង ព្រោះវាមានតម្លៃប្រមាណ២,០០០ ទៅ ៣,០០០ដុល្លារអាមេរិក ដែលអ្នកអាចខ្ចីលុយពីធនាគារខ្លះ និងប្រើលុយខ្លួនឯងខ្លះ។ នៅពេលដីឡើងថ្លៃដល់តម្លៃមួយ ដែលអ្នកអាចសងធនាគារ​បាន និងសល់ដើម្បី ទិញដីផ្សេងទៀត។

ម្យ៉ាងវិញទៀត ចំពោះមុខរបរជាភ្នាក់ងារអចលនទ្រព្យ ក៏មិនបាច់ចាយដើមទុនដែរ នោះគឺគ្រាន់យើងមាន ភាពក្លាហាន​ក្នុង​ការទាក់ទង ជាមួយម្ចាស់អចលទ្រព្យ និងអ្នកទិញ និងប្រើភាពស្មោះត្រង់របស់អ្នក នោះអ្នកនឹងមិន​ខ្វះអ្នកដែលត្រូវ​ការអ្នក​នោះ​ទេ។ លោក ង៉ែត អ្នកជំនាញសេដ្ឋកិច្ច  និងជាអ្នកជោគជ័យ ក្នុងការវិនិយោគ លើវិស័យអចលនទ្រព្យធ្លាប់មានប្រសាសន៍ថា ប្រសិនបើអ្នកមានប្រាក់១,០០០ដុល្លារ នោះអ្នកមិនអាចទៅធ្វើអ្វីជាដំកំភួនបាន​នោះទេ តែអ្នកអាចចូល​ហ៊ុន​ជាមួយអ្នក​គេមានលុយ​ច្រើនជាងយើងបាន។

ការរកស៊ីផ្នែកអចលនទ្រព្យ មិនមានពាក្យថា ខាតនោះទេមានតែចំណេញ ទុកកាន់តែយូរកាន់តែចំណេញ តែអាស្រ័យលើបុគ្គលផងដែរ ដែលគាត់ចេះមើលទីតាំង។ រីឯអ្នកដែលមានបទពិសោធន៍ខាងផ្នែកនេះបានប្រាប់ពាណិជ្ជ​កម្មកម្ពុជាថា ប្រសិនបើគាត់មានលុយត្រឹម១,០០០​ដុល្លារ​អាមេរិក គាត់នឹងយកលុយ១,០០០ដុល្លារ នោះយកទៅជួលផ្ទះ ហើយគាត់នឹងដាក់ជួលផ្ទះនោះ (គាត់បញ្ជាក់ថា ធ្វើបែបនេះបាន លុះត្រាតែគាត់មានតម្រូវការស្រាប់)

ទោះជាយ៉ាងណាក៏ដោយ ពាណិជ្ជកម្មកម្ពុជា សូមឲ្យមិត្តអ្នកអានទាំងអស់ សូមស្វែងយល់ថា តើអ្នកគួរតែចាប់ផ្តើមដោយវិធី១ណា ព្រោះគ្រប់វិធីសាស្ត្រសុទ្ធតែមានការណែនាំយ៉ាងលំអិតពីអ្នកជំនាញ៕