បច្ចុប្បន្នខេត្តកែបកំពុងមានសក្តានុពលផ្នែកអចលនទ្រព្យ ក្រោយពេលដែលរដ្ឋាភិបាលកំពុងដាក់ផែនការអភិវឌ្ឍន៍
ខេត្តកែប ដែលជាខេត្តទេសចរណ៍មាត់សមុទ្របាន និងកំពុងទាក់ទាញការវិនិយោគលើវិស័យអចលនទ្រព្យ ខណៈរដ្ឋាភិបាល កំពុងរៀបចំខេត្តនេះជាតំបន់ទេសចរណ៍លំហែរកម្រិតខ្ពស់។
អគ្គនាយកក្រុមហ៊ុន Easy Property Investment Co., Ltd លោក ម៉ម សិរីបញ្ញា បានឲ្យដឹងតាមរយៈទូរស័ព្ទនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះថា ទោះជាខេត្តនេះកំពុងទាក់ទាញការចាប់អារម្មណ៍ក្តី តែលោកមិនទាន់មានឃើញការសាងសង់សណ្ឋាគារ ឬផ្ទះសំណាក់ថ្មី សម្រាប់ទទួលភ្ញៀវទេសចរណ៍ទេ គឺនៅក្នុងស្ថានភាពដដែលនាពេលបច្ចុប្បន្ននេះ តែនៅពេលអនាគតនឹងអាចមានអគារថ្មីៗបន្ថែមទៀត ដោយសារតែបច្ចុប្បន្ននេះ ភ្ញៀវទេសចរណ៍មកលេងក្នុងខេត្តនេះមានការកើនឡើង តែបញ្ហាសំខាន់ គឺផ្លូវសម្រាប់ធ្វើដំណើរកំពុងជួបមានបញ្ហា ដោយសារផ្លូវមួយចំនួនបាននឹងកំពុងជួសជុល។
លោកបន្តថា “សម្រាប់វិស័យដីធ្លីនៅក្នុងបន់សំខាន់ៗ នៅក្នុងខេត្តមានតម្លៃរហូតដល់ជិត១០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រ តែបើនិយាយពីតម្លៃទីផ្សារ គឺមិនមានទីផ្សារពិតប្រាកដនោះទេ ព្រោះវាជាតំបន់ឆ្នេរមិនសូវមានដី អាស្រ័យលើម្ចាស់ដីចង់លក់ក្នុងកម្រិតតម្លៃណាមួយ”។ លោកបញ្ជាក់ថា តម្លៃដីនៅតំបន់នេះកើនឡើងទ្វេដង តែមិនប្រាកដចន្លោះពីតម្លៃប៉ុន្មានទៅប៉ុន្មាននោះទេ អាស្រ័យលើម្ចាស់ដីដាក់តែប៉ុណ្ណោះ តែយ៉ាងណាក៏ដោយមានអ្នកវិនិយោគនៅក្នុងស្រុកជាច្រើន បានមកចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងខេត្តនេះជាបណ្តើរៗ តាមរយៈការពុះដីឡត៍លក់ជាពិសេសនៅតាមបណ្តោយផ្លូវជាតិ។
ចំណែកអ្នកជំនាញផ្នែកអភិវឌ្ឍអចលនទ្រព្យ ផុន បញ្ញា អគ្គនាយកក្រុមហ៊ុន 5Bright Sibling Construction Co,.td.បានមានប្រសាសន៍ថា អចលនទ្រព្យក្នុងខេត្តកែបកំពុងទាក់ទាញការចាប់អារម្មណ៍ពីអ្នកវិនិយោគជាតិ អន្តរជាតិ និងក៏មានអ្នកពុះដីឡូត៍លក់ផងដែរ។
អភិបាលខេត្តកែប លោកកែន សត្ថាធ្លាប់បានមានប្រសាសន៍ថា ខេត្តកែបកំពុងមានសក្តានុពលទាក់ទាញការវិនិយោគ ប៉ុន្តែរហូតមកទល់ពេលនេះខេត្តមិនទាន់មានការទាក់ទាញការវិនិយោគពីអ្នកវិនិយោគធំៗទាំងជាតិ និងអន្តរជាតិមកវិនិយោគសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មណាមួយនៅឡើយទេ។
លោកបន្តថា អាជ្ញាធរខេត្តកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ឋឲ្យកាន់តែប្រសើរ ដើម្បីបំរើនិងទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនា ខេត្តនេះឲ្យបានកាន់តែច្រើន។ លោកបន្តថា “យើងស្វាគមន៍ការវិនិយោគ ព្រោះខេត្តនៅមិនទាន់មានគំរោងវិនិយោគធំៗ ពិសេសមជ្ឈមណ្ឌលពាណិជ្ជកម្មនៅឡើយទេ”។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកថោង ខុនបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលនឹងរៀបចំខេត្តកែបជាតំបន់ទេសចរណ៍កម្រិតខ្ពស់ ដោយមិនអនុញ្ញាត្តឲ្យមានកាស៊ីណូ និងរោងចក្រ ឧស្សាហកម្មនោះទេ៕