ឳកាស​ថ្មីដល់ហើយ គម្រោង​កសិកម្ម​មួយ​របស់កម្ពុជា​នឹងធ្វើ​ឲ្យ​កសិករ​រកចំណូលបាន​ជាង​៥ពាន់ដុល្លារ​ក្នុង​មួយ​ឆ្នាំ​

អង្គការហេហ្វឺ (Heifer International Cambodia) បានអះអាងថា កំពុងអនុវត្តគម្រោងទីផ្សារកសិ​ផលជួយគាំទ្រដល់កសិករក្រីក្រ និងក្រុមងាយរងគ្រោះចំនួន ៣៥ពាន់គ្រួសារ និងសហគមន៍កសិកម្មចំនួន ៦៤​សហគមន៍។ គម្រោងនេះ ជាមធ្យមកសិករអាចរកចំណូលបានជាង៥ពាន់ដុល្លារក្នុងមួយឆ្នាំ។

ការអះអាងដូចនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងឯកឧត្តម​ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី កែវ គៀង ប្រធានអង្គការហេហ្វឺកម្ពុជា កាលពីថ្ងៃទី១៨ ខែ មេសា ឆ្នាំ២០១៩។

ក្នុងជំនួបនោះលោកស្រី កែវ គៀង បានរាយការណ៍អំពីវឌ្ឍនភាពនៃគម្រោងរបស់អង្គការ និងបន្តពង្រឹងកិច្ច​សហ​ប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀត ជាមួយក្រសួងនាពេលអនាគត។ លោកស្រីបញ្ជាក់ថា កម្មវត្ថុចំនួន​៥ ដែលអង្គការបានអនុវត្តគឺ រៀបចំទីផ្សារកសិផល ធានា និងផ្គត់ផ្គង់អាហារូបត្ថម្ភ ផ្សព្វផ្សាយពីការរស់នៅប្រកប​ដោយអនាម័យ និងការប្រើប្រាស់ទឹកស្អាត លើកកម្ពស់យេនឌ័រ និងការអភិវឌ្ឍសហគមន៍កសិកម្មប្រក​បដោយសមធម៌។ «អ្វីដែលគួរជាទីមោទនៈនោះគឺ បច្ចុប្បន្នតាមរយៈគម្រោងនេះ ជាមធ្យមកសិករអាចរកចំណូលបានជាង៥ពាន់ដុល្លារ ក្នុង១ឆ្នាំ ក្រោយពេលដកថ្លៃដើមរួច ដែលចំណូលនេះ បានធ្វើឱ្យជីវភាពគ្រួសាររបស់គាត់មានការរីកចម្រើនយ៉ាងខ្លាំង»។

ជាការឆ្លើយតប លោក វេង សាខុន បានផ្ដល់អនុសាសន៍ដល់អង្គការហេហ្វឺកម្ពុជា និងអង្គការនានាដែលកំពុងអនុ​វត្តន៍លើគម្រោងនេះចំនួន៤ សំខាន់ៗ ដូចជា៖

ទី១. ការបំពេញខ្សែច្រវាក់តម្លៃផលិតកម្មដោយចាប់ផ្តើមពី A ដល់ Z។ ការធ្វើដូចនេះ ដើម្បីបង្កើនតម្លៃបន្ថែម ពង្រីក និងពង្រឹងការកែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ឡសម្ងួត ការរក្សាទុកដាក់ក្នុងបន្ទប់ត្រជាក់ និងការដឹកជញ្ជូនប្រ​កបដោយជំនាញ បច្ចេកទេស និងការធានាដល់គុណភាព សុវត្តិភាពទាំងអនាម័យ និងភូតគាមអនាម័យ និងជាពិសេសកាត់បន្ថយការនាំចេញវត្ថុធាតុដើម។

ទី២.ការសិក្សារៀបចំហេដ្ឋារចនាសម្ព័ន្ធ គាំទ្រដល់ខ្សែច្រវាក់ផលិតកម្ម និងរចនាសម្ព័ន្ធផ្គត់ផ្គង់ផ្សេងៗទៀត។

ទី៣.ការអភិវឌ្ឍសហគមន៍កសិកម្មប្រកបដោយចីរភាព និងនិរន្តរភាព តាមរយ:ការអភិវឌ្ឍចំណេះដឹង បច្ចេក​ទេស​សមស្រប និងបច្ចេកវិទ្យាថ្មីទំនើប ដើម្បីធ្វើការផ្លាស់ប្តូរជាវិជ្ជមាននូវអ្វីដែលជាទម្លាប់ ឬផ្តេកផ្លួលទាំងស្រុងលើចំណូលតែមួយចំណែកណាមួយ។

ទី៤.ជួយរៀបចំផែនការដាំដុះជូនសហគមន៍កសិកម្មឱ្យបានត្រឹមត្រូវ និងគួរសហការជាមួយអង្គការផ្សេងៗទៀតដែលបាននិងកំពុងអនុវត្តគម្រោងជាមួយក្រសួងធ្វើយ៉ាងណាឱ្យការអនុវត្តគម្រោងមានភាពប្រទាក់ក្រឡាគ្នា៕

សូមបញ្ជាក់ថា ការអនុវត្តគម្រោងនេះ មានខេត្តគោលដៅចំនួន១១គឺ ខេត្តកំពង់ស្ពឺ តាកែវ កំពត ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ៕